លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ”
- ១៥ នាទីមុន ថ្ងៃទី៧ ខែមិនា ២០២៦
- សកម្មភាពក្រសួង

[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកសាមគ្គីមានជ័យ លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ” និងជូនវត្ថុអនុស្សាវរីយ៍ ជូនដល់សមាជិក សមាជិកា នៃអង្គពិធី។ អង្គពិធីដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុប្រធានកិត្តិយស លោកជំទាវប្រធាន អនុប្រធាន សមាជិក សមាគមនារីដើម្បីសន្តិភាព ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ភរិយាគណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងអង្គការដៃកូរជាស្ត្រីសរុបចំនួន ២២៤រូប។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកស្រី ជា ម៉ៅ អភិបាលរងនៃគណៈអភិបាលនិងជាប្រធានប្រតិបត្តិអនុសាខាសមាគមននារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃរដ្ឋបាលសាលាស្រុកសាមគ្គីមានជ័យ បានអានរបាយការណ៍ស្វាគមន៍ជូនអង្គពិធី បន្ទាប់មកលោកជំទាវ ប្រាក់ សោភ័ណនារី អនុប្រធានកិត្តិយ សមាគមននារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជនបទ បានអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦។ បន្ទាប់ពីការអានរបាយការណ៍ និងការអានព្រះរាជសាររួចមក លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន បានសម្តែងនូវការអបអរសាទរប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជូនចំពោះអង្គពិធីទាំងមូល ក្នុងឱកាសដ៏វិសេសវិសាលនេះ។ លោកជំទាវ បានមានប្រសាសន៍សំណេះសំណាល ដោយបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ជាពិសេសការផ្ដល់សេវាសាធារណៈតាមតម្រូវការ និងសេវាសាធារណៈតាមសំណូមពរជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងមានប្រសិទ្ធភាព ដែលជាការចូលរួមដ៏ចាំបាច់ដើម្បីធ្វើឱ្យសម្រេចនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លើពីនេះទៀត លោកជំទាវ បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់នារីគ្រប់រូប ក្នុងការថែរក្សាសុភមង្គមក្នុងគ្រួសារ ការថែរក្សា អប់រំកូនចៅ ឱ្យក្លាយជាមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសតួនាទីក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងការថែរក្សាសុខសន្ដិភាពជាតិ មាតុភូមិ។ ជាចុងក្រោយ លោកជំទាវ បានអំពាវនាវដល់អង្គពិធីទាំងមូល និងភាគីពាក់ព័ន្ធទាំងអស់បន្តរួមដៃគ្នាថែរក្សាសន្តិភាព និងពង្រឹងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារឱ្យកាន់តែរឹងមាំ៕
