លោកជំទាវ លីម មុយឡេង អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាជាមួយគណៈកម្មការពាក់ព័ន្ធនៃរដ្ឋសភាស្តីពីអនុសញ្ញាលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងសេចក្តីសង្កេតសន្និដ្ឋាននៃអង្គការសហប្រជាជាតិ
- ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាជាមួយគណៈកម្មការពាក់ព័ន្ធនៃរដ្ឋសភាស្តីពីអនុសញ្ញាលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងសេចក្តីសង្កេតសន្និដ្ឋាននៃអង្គការសហប្រជាជាតិ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក.ជ.ក.ស.)។
កិច្ចសន្ទនានេះ ត្រូវបានរៀបចំដោយ ក.ជ.ក.ស. និងមានការសហការគាំទ្រដោយ UN Women ដែលមានការអញ្ជើញចូលរួមពីគណៈកម្មាការទី៨ នៃរដ្ឋសភា តំណាងគណៈកម្មាការទី៧នៃរដ្ឋសភា តំណាងគណៈកម្មាការទី២ នៃរដ្ឋសភា អនុប្រធាន សមាជិក សមាជិកា ក.ជ.ក.ស. តំណាងក្រសួងស្ថាប័នរដ្ឋទាំង៣៣ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ ប្រមាណ៩០រូប (ស្រី ៧០រូប ) ក្នុងគោលបំណង (១)បង្កើនការគាំទ្រពីរដ្ឋសភា និងការយល់ដឹងអំពីអនុសញ្ញា CEDAW (២)ពិភាក្សាអំពីការអនុវត្តអនុសញ្ញា CEDAW ព្រមទាំងច្បាប់ និងវឌ្ឍនភាពគោលនយោបាយ ការប្រឈម និងផែនការបន្តទាក់ទងទៅនឹងសេចក្តីសង្កេតសន្និដ្ឋាន និង (៣)ផ្ដល់អនុសាសន៍លើការអនុវត្តអនុសញ្ញា CEDAW នៅកម្ពុជា ដើម្បីឱ្យទទួលបានសមិទ្ធផលបន្ថែមទៀត៕
