លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ការតាមដាន និងវាយតម្លៃការងារអប់រំជំងឺអេដស៍ កាមរោគ សុខភាពផ្លូវភេទ និងគ្រឿងញៀន នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
- ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ

ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃចន្ទ១១កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ការតាមដាន និងវាយតម្លៃការងារអប់រំជំងឺអេដស៍ កាមរោគ សុខភាពផ្លូវភេទ និងគ្រឿងញៀន នៅមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ សរុបចំនួន ២៧នាក់ ស្រី ១១នាក់។
នៅក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានសំណេះសំណាល ដោយពាំនាំការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាកលដឹកនាំមន្ទីរព្រមទាំង មន្ត្រីរាជការទាំងអស់នាឱកាសនោះផងដែរ និងបានផ្តាំផ្ញើឱ្យក្រុមការងារមន្ទីរធ្វើការផ្សព្វផ្សាយបន្តដល់សហគមន៍ជនបទ អំពីការរីករាល ដាលឆ្លងនៃជំងឺអេដស៍ដែលកំពុងមានការកើនឡើងនាពេលបច្ចុប្បន្នឲ្យបានទូលំទូលាយ ជាពិសេសស្រទាប់យុវវ័យឲ្យបានយល់ដឹងពីភាពលំបាកនៃការកើតជំងឺនេះ៕
