មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ
- ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពមន្ទីរ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ (PWG) នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមមាន ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ (PWG) ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
សរុបអ្នកចូលរួម ចំនួន ៦៤រូប ស្រ្តី១៧រូប។
ក្នុងឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ (PWG) និងក្រុមការងារលេខាធិការដ្ឋាន (PWG) ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាសេនាធិការ សម្រេចបានលទ្ធផលដូចខាងក្រោម៖
– ស្រុកបាកាន វិស័យផ្គត់ផ្គង់ទឹកស្អាត 86.08% វិស័យអនាម័យ 92%
– ស្រុកកណ្តៀង វិស័យផ្គត់ផ្គង់ទឹកស្អាត 86.53% វិស័យអនាម័យ 82%
– ស្រុកក្រគរ វិស័យផ្គត់ផ្គង់ទឹកស្អាត 86.10% វិស័យអនាម័យ 81%
– ស្រុកតាលោសែនជ័យ វិស័យផ្គត់ផ្គង់ទឹកស្អាត 88.57% វិស័យអនាម័យ 96%
– ស្រុកវាលវែង វិស័យផ្គត់ផ្គង់ទឹកស្អាត 83.86% វិស័យអនាម័យ 65%
– ស្រុកភ្នំក្រវាញ វិស័យផ្គត់ផ្គង់ទឹកស្អាត 93.37% វិស័យអនាម័យ 92%
– ក្រុងពោធិ៍សាត់ វិស័យផ្គត់ផ្គង់ទឹកស្អាត 93.70% វិស័យអនាម័យ 95%
សរុបរួមទូទាំងខេត្ត វិស័យផ្គត់ផ្គង់ទឹកស្អាត 88.02% វិស័យអនាម័យ 87%
ក្នុងកិច្ចថ្ងៃនេះដែរមានបទបង្ហាញចំនួន៥ ដូចខាងក្រោម៖
១-របាយការណ៍វឌ្ឍនភាពការប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅបន្ត របស់ការិយាល័យផ្គត់ផ្គង់ទឹកជនបទ។
២-របាយការណ៍វឌ្ឍនភាពការប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅបន្ត របស់ការិយាល័យថែទាំសុខភាពជនបទ។
៣-បទបង្ហាញស្តីពី លទ្ធផលការងាររបស់រដ្ឋាករទឹកពោធិ៍សាត់ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅបន្ត។
៤-បទបង្ហាញអំពីសមិទ្ធិផលគម្រោងទឹកស្អាត និងអនាម័យ នាំមកនូវសេចក្តីថ្លៃថ្នូរ របស់អង្គការអនាគតកុមារ (AK)។
៥-បទបង្ហាញអំពី គម្រោងសហគមន៍កាន់តែប្រសើរ (វគ្គ២) របស់អង្គការអភិវឌ្ឍន៍ជីវភាពកសិករ។
ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធាន PWG បានលើកសំណូមពរ និងទិសដៅការងារសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងខេត្តពោធិ៍សាត់គឺ៖
-ស្នើសុំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលជាលេខាធិការដ្ឋាន PWG បន្តកិច្ចសហការជាមួយមន្ទីរពាក់ព័ន្ធ អង្គការដៃគូនានា អជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ដើម្បីជួយពង្រឹងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឲ្យបានដល់សម្រេចគោលដៅឆ្នាំ២០៣០ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រើប្រាស់ (១០០%) ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមាន អនាម័យ ប្រកបដោយនិរន្ដរភាព។
-ស្នើសុំឱ្យក្រុមការងារ PWG រួមមានមន្ទីរពាក់ព័ន្ធ អង្គការដៃគូ ជួយសហការ និងគាំទ្រ ដើម្បីប្រកាសស្រុកតាលោសែនជ័យ ជាស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) នៅចុងត្រីមាសទី៣ ឬដើមត្រីមាសទី៤ ឆ្នាំ២០២៤ នាពេលខាងមុខ។
-ស្នើសុំឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តាំងចិត្តឲ្យបានខ្ពស់ក្នុងការចូលរួមផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។
-ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ត្រូវចេះសន្សំសំចៃទឹក ទាំងទឹកសុវត្ថិភាព និងទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ដើម្បីបញ្ចៀសបាននូវការខ្វះទឹកប្រើប្រាស់នារដូវប្រាំង។
កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕
