ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ
- ២១ ម៉ោងមុន ថ្ងៃទី៧ ខែសីហា ២០២៦
- ព័ត៌មានទាន់ហេតុការណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ
English Below] ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអនុវត្តគម្រោងរយៈពេល ៥ឆ្នាំនេះ គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ បានអនុវត្តសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរបស់ប្រជាជននៅតំបន់ជនបទឱ្យកាន់តែប្រសើរឡើង និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងសហគមន៍ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដែលឈានដល់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាជាផ្លូវការ។ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ, លោកជំទាវរដ្ឋលេខាធិការ តំណាងក្រសួងសុខាភិបាល, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត, ក្រុមប្រឹក្សាខេត្ត, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍, មន្ដ្រីរាជការ, កងកម្លាំងទាំង ៣ ប្រភេទ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវជន ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ៦១៦រូប។
គម្រោង “ភូមិសន្តិភាព” ជាហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រោមកិច្ចសហការ និងសម្របសម្រួលការអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោងនេះ បាននិងកំពុងអនុវត្តនៅក្នុងភូមិគោលដៅចំនួន ៣០ភូមិ ក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងប្រែក្លាយតំបន់អតីតសមរភូមិទៅជាភូមិមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនរស់នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងការពង្រឹងសមត្ថភាពសហគមន៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទសំខាន់ៗផងដែរ។
សូមបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន៖ អគារមណ្ឌលសុខភាពទំហំ ១៥មx១៥ម, បង្គន់បរិយាបន្ន ៣បន្ទប់, កន្លែងលាងដៃ ១កន្លែង, ឡដុតសំរាមនិងកាកសំណល់វេជ្ជសាស្ដ្រ ១កន្លែង, ប្រព័ន្ធចម្រោះទឹកស្អាត ១កន្លែង, ផ្ដល់ធុងស្តុកទឹកចំណុះ ១០ ០០០លីត្រ ១ធុង, អណ្តូងស្នប់ ១កន្លែង, មជ្ឈមណ្ឌលសិក្សាសហគមន៍, ស្រះទឹកសហគមន៍, បណ្ណាល័យនិងទីចាត់ការ, ផ្លូវបេតុងអារម៉េ និងស្ថានីយផលិតទឹកពិសាប៊ីដុងចំណុះ ២០លីត្រផងដែរ។ សមិទ្ធផលទាំងនេះ សបញ្ជាក់អំពីការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជំរុញសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០”៕
Banteay Meanchey Province: After five years of implementation, the “Building Peace Villages through Inclusive Community Development” project has worked diligently to improve the quality and dignity of life in rural areas and to construct essential community infrastructure, culminating in the official inauguration of multiple achievements. On Thursday morning, August 6, 2026—the project held the official inauguration of the Malai Health Center and other project outcomes under the high presidency of H.E. Chhay Rithisen, Minister of Rural Development, and H.E. Kim Chang Yong, Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Kingdom of Cambodia.
The ceremony took place in Veal Hat Village, Malai Commune, Malai District, Banteay Meanchey Province, with the participation of the Permanent Secretary of State of the Ministry of Rural Development; a Secretary of State representing the Ministry of Health; senior leadership of the Ministry of Rural Development; the Provincial Governor, Provincial Council, KOICA Cambodia Office; development partners; civil servants; the armed forces (all three branches); authorities at all levels; youth; and citizens—616 participants in total.
The “Peace Village” project is a grant aid from the Republic of Korea through the Korea International Cooperation Agency (KOICA), implemented in cooperation with and coordinated by the Ministry of Rural Development. The project has been and is being implemented in 30 target villages across Battambang, Pailin, and Banteay Meanchey provinces. Its objective is to transform former conflict zones into sustainably developed villages through inclusive rural community development programs—improving livelihoods and well being across economic, social, and cultural dimensions, while strengthening community capacity and building vital rural infrastructure.
Achievements inaugurated for official use at this event include: Malai Health Center building (15 m × 15 m), 3 sanitation/toilet rooms, handwashing station, 1 incinerator for medical and general waste, 1 clean water filtration system, One 10,000 liter water storage tank, 1 pumped well, a community learning center, a community pond, 1 library and administrative office, Concrete (Ami) roads, 1 station for producing 20 liter bottled drinking water.
These achievement contribute to poverty reduction in line with Phase 1 of the Government’s Pentagonal Strategy under the principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and support progress toward the national vision of “Cambodia as a High Income Country by 2050.”





