ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ៥ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៦
- សកម្មភាពក្រសួង

[English Below] រាជធានីភ្នំពេញ៖ បន្ទាប់ពីបានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រយៈពេល ១ថ្ងៃកន្លះដោយជោគជ័យនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ អង្គសន្និបាតបានឈានដល់ពិធីបិទ និងការបំពាក់គ្រឿងឥស្សរិយយស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៦ ។ អញ្ជើញមានវត្តមានចូលរួមដោយផ្ទាល់ក្នុងពិធីបិទនេះរួមមាន ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍ ភ្លៀវកិត្តិយសជាតិ និងអន្ដរជាតិ ជាមួយគ្នានោះ មន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)សរុបចំនួនអ្នកចូលរួម ១ ៥៤៨នាក់។
យោងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថាអង្គសន្និបាតបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការធ្វើបទបង្ហាញអំពីសមិទ្ធផលដែលក្រសួងសម្រេចបាន ការបង្ហាញនូវបញ្ហាប្រឈម ជាមួយនឹងការដាក់ចេញនូវទិសដៅការងារបានយ៉ាងច្បាស់លាស់។ ទន្ទឹមនោះ អង្គសន្និបាតទាំងមូលក៏មានចូលរួមពិភាក្សា ផ្ដល់មតិយោបល់ និងធាតុចូលដ៏មានសារៈសំខាន់ជាច្រើនប្រកបដោយន័យស្ថាបនាផងដែរ។
អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបានស្របតាមផែនការគ្រោងទុក ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមសហការគ្នាយ៉ាងជិតស្និទ្ធបង្កើតជា “សហថាមពល” ក្នុងគោលបំណងកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់សម្រាប់បម្រើជូនជាតិ និងប្រជាជន ក្រោមគោលការណ៍ “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ” ។ សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ គឺអាស្រ័យដោយកត្តាសុខសន្តិភាពពេញលេញ និងបានសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចខ្វះបានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចូលរួមចំណែកអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្តនិងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព។ ជាមួយនឹងការឯកភាពលើទិសដៅការងារឆ្នាំ២០២៦ ដែលអង្គសន្និបាតបានដាក់ចេញ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន សម្រាប់យកទៅអនុវត្តឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យគោលដៅការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងតំបន់ជនបទប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ សរុបចំនួន ១៥១រូប ដែលមានស្នាដៃល្អក្នុងការបំពេញការងារជូនជាតិ និងប្រជាជន ក្នុងរយៈពេលកន្លងមក៕


