ក្រុមការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅឃុំក្រាំងយ៉ូវ និងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពមន្ទីរ

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រុមការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅឃុំក្រាំងយ៉ូវ និងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ តាមរយៈការចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន នៃឃុំទាំងពីរខាងលើបានឱ្យដឹងថា ៖ ឃុំទាំង២ មានបណ្តាញចែកចាយទឹកស្អាតរួចហើយ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន ពុំបានភ្ជាប់បណ្តាញប្រើប្រាស់នៅឡើយទេ នៅតែបន្តប្រើប្រាស់ទឹកអណ្តូង ទឹកស្រះ ។ បច្ចុប្បន្ននេះស្ថានភាពដែលរងផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ មានស្ទើរគ្រប់ភូមិ ប៉ុន្តែភូមិដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេមានចំនួន ១២ភូមិ ក្នុងនោះឃុំក្រាំងយ៉ូវ ៩ភូមិ និងឃុំទឹកវិល ៣ភូមិ។
សូមបញ្ជាក់ថា ៖ ទឹកអណ្តូងនៅតាមខ្នងផ្ទះនីមួយៗ ភាគច្រើន គឺរីងស្ងួត និងមួយចំនួនទៀតចេញតិចៗ ធ្វើឱ្យពិបាកក្នុងការប្រើប្រាស់ទឹកប្រចាំថ្ងៃ ដែលស្ថានភាព បែបនេះ កើតមានក្នុងរយៈពេល ០១ ទៅ ០២សប្តាហ៍ កន្លងទៅនេះ។
ជាមួយគ្នានេះដែរ ក្រុមការងាររបស់មន្ទីរ បានចុះធ្វើសកម្មភាពដូចខាងក្រោមនេះ ៖
-លោកអនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍ និង ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ សហការជាមួយអាជ្ញាធររដ្ឋបាលឃុំស្វាយប្រទាល ចុះសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យក្នុងការជ្រើសរើសភូមិគំរូ នៅសាលាឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងលោកមេភូមិ អនុភូមិ ជំនួយការភូមិ ទាំង៩ភូមិ សរុបអ្នកចូលរួម ២៦នាក់ ស្រី ៧នាក់ ។
-លោក អនុប្រធានមន្ទីរបានរួមក្នុងពិធីសម្ពោធផ្លូវបេតុងអាមេចំនួន ៤ ខ្សែ សរុបប្រវែង ២ ១៤០ ម៉ែត្រ ស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ។
– លោក ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមការងារចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យ និងការគូសផែនទីទឹកស្អាត និងបានបែងចែកក្រុមការងារចំនួន ៣ក្រុម គឺ ១-ឃុំកំពង់កុង ២-ឃុំព្រែកថ្មី ៣-ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។
– លោក អនុប្រធានការិយាល័យផ្លូវជនបទ និងជាក្រុមការងារគម្រោងកែលម្អផ្លូវាជនបទ ជំហ៊ានទី៣ (RRIP3) ថ្នាក់ខេត្ត តំណាងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត បានដឹកនាំមន្ត្រីការិយាល័យផ្លូវជនបទ ចុះពិនិត្យវឌ្ឍនភាព ខ្សែផ្លូវ KD12 : ទន្សាស្វិត.តាគោក ចំនួន ០១ខ្សែ ប្រវែង ៥.១២ គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាលកៅស៊ូពីរជាន់ (DBST) ស្ថិតនៅឃុំឈ្វាំង ស្រុកពញាឮ ជាលទ្ធផលសម្រេចបាន ៨៥%៕
