ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារកម្មវិធីទី១ និងកម្មវិធីទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងកម្មវិធីទី១ “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍” និងកម្មវិធីទី២ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, អគ្គនាយករង និងឯកឧត្តម ប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធីទាំង២ខាងលើ។

 

គោលបំណងនៃកិច្ចប្រជុំ គឺដេីម្បីត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។

 

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លេីកឡេីងអំពីការរៀបចំរបាយការណ៍​ ត្រូវមានលក្ខណៈច្បាស់លាស់ ដោយផ្ដោតលើ ទម្រង់ ខ្លឹមសារខ្លីនិងច្បាស់លាស់  និងមានទិន្នន័យគ្រប់ជ្រុយជ្រោយ និងសង្គតភាព ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថាដើម្បីចូលរួមអនុវត្តសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក្រសួងត្រូវបន្ដខិតខំជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទតាមរយៈការស្ថាបនា តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជនបទប្រទាក់ក្រឡាប្រកបដោយគុណភាព និងនិរន្ដរភាព ដោយផ្ដោតលើតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ជាមួយគ្នានេះ ក្រសួងត្រូវបន្ដយកចិត្តទុកដាក់លើការងារផ្គត់ផ្គត់ទឹកស្អាតជនបទ, ការជំរុញអត្រាបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល និងការអនុវត្តអនាម័យជនបទឱ្យបានទូលំទូលាយ ដើម្បីចូលរួមសម្រេចឱ្យបានជាមួយយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលដែលបានកំណត់វទស្សនៈវិស័យ ត្រឹមឆ្នាំ២០២៥ “ប្រជាជនគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្ដរភាព”៕

Share your thoughts