ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthieu Le Grix ប្រធាននាយកដ្ឋានកសិកម្ម អភិវឌ្ឍន៍ជនបទ នេសាទ និងជីវៈចម្រុះ នៃភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងលោកស្រី Sadrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែលរំលែក
8

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃប្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthieu Le Grix ប្រធាននាយកដ្ឋានកសិកម្ម អភិវឌ្ឍន៍ជនបទ នេសាទ និងជីវៈចម្រុះ នៃភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងលោកស្រី Sadrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជម្រាបលោកប្រធានប្រតិភូ និងសហការី នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា ៥ គឺ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចមាន ៖
១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានៅដែឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជម្រាបជូនប្រតិភូអំពីទិសដៅចំពោះមុខចំនួន ៦ចំណុច រួមមាន៖

១. កាលើកកម្រិតគុណភាពផ្លូវជនបទពីផ្លូវដី ទៅជាប្រភេទផ្លូវក្រាលបេតុង និងក្រាលកៅស៊ូពីជាន់ (DBST)

២.ការជំរុញស្ថាបនា និងវិនិយោគសាធារណៈលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន (ផ្លូវលំ និងប្រព័ន្ធចែកចាយទឹក និងអនាម័យ) នៅកន្លែងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់

៣.ការងារថែទាំឱ្យមានចិរភាពយូរអង្វែងនៃសមិទ្ធផលដែលបានកសាងរួច

៤.ការបណ្តុះបណ្តាលធនធានមនុស្សនូវជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរទទួលប្រាក់ចំណូល

៥.ការរៀបចំគោលនយោបាយ ច្បាប់ និងបទដ្ឋាន នានា

៦.ការពង្រឹងស្ថាប័ន ដោយបន្តជំរុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការដល់មន្រ្តីមូលដ្ឋានដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពការងារ ។

ជាការឆ្លើយតបលោក Matthieu Le Grix បានលើកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងច្បាស់លាស់ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដូចជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្បុជា (RID4CAM) ដែលកំពុងអនុវត្តបច្ចុប្បន្ន និងសន្យាបន្តកិច្ចសហប្រតិបត្តការយ៉ាងជិតស្និតបន្ថែមទៀតជាមួយក្រសួង។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិកា បានថ្លែងអំណរគុណចំពោះលោកប្រធាននាយកដ្ឋាន លោកស្រីនាយិកា AFDប្រចាំនៅកម្ពុជា និងសហការីដែលអញ្ជើញមកក្នុងពេលនេះ និងត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហការណ៍ជាដៃគូជាមួយ AFD បន្តទៀត៕ 1 32 33 34 25 26 27 28

 

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ