ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅទីក្រុងប៉ារីស ប្រទេសបារាំង

នាថ្ងៃអង្គារ ៧កើត និងថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី ៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អញ្ជើញអមដំណើរក្នុងកិច្ចប្រជុំមាន ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្រ្តីជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដូចជា តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ជាលទ្ធផលនៃកិច្ចប្រជុំខាងលើ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានបញ្ជាក់អំពីជំហរក្នុងបន្ថែមជូននូវទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបំពេញបន្ថែមទៅក្នុងកម្មវិធី RID4CAM ជំហាន ១ ដែលកំពុងដំណើរការស្រាប់៕

Share your thoughts