ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១២:៤៨ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក លោក លោកស្រី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom Meeting)។
យោងតាមសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញអំពីលទ្ធផលសម្រេចបាននៅក្នុងខែវិច្ឆិកា និងវឌ្ឍនភាពជារួមក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបានវឌ្ឍនភាពក្នុងខែ ៩,៣៣% និង វឌ្ឍនភាពជារួមសម្រេចបាន ៩០,៦១% ធៀបនឹងផែនការប្រចាំឆ្នាំ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានវឌ្ឍនភាពក្នុងខែ ៤,៧៩% និងវឌ្ឍនភាពជារួមសម្រេចបាន ៩០,៦៤% ធៀបនឹងផែនការប្រចាំឆ្នាំ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានវឌ្ឍនភាពក្នុងខែ ១៤,៦៦% និងវឌ្ឍនភាពជារួមសម្រេចបាន ៩៦,៦៥% ធៀបនឹងផែនការប្រចាំឆ្នាំ, និង ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានវឌ្ឍនភាពក្នុងខែ ៩,០៨% និងវឌ្ឍនភាពជារួមសម្រេចបាន ៩២,២៤% ធៀបនឹងផែនការប្រចាំឆ្នាំ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅរាជធានី ខេត្ត ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដែលក្រសួងផ្ដល់ជូន ដើម្បីបង្កើតសមិទ្ធថ្មីៗបន្ថែមទៀត ក្នុងគោលដៅរួមចំណែកជាមួយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕