ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានសម្រាប់ការងារអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រលើកទី២១
- ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជាណាចក្រប្រ៊ុយណេដារ៉ូសាឡឹម៖នាថ្ងៃអង្គារ១២កើត -ព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃ១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានសម្រាប់ការងារអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឆ្ពោះទៅរកអាស៊ានដែលមានភាពធន់ និងការពង្រឹងតួនាទីរបស់យុវជនក្នុងការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍជនបទ”។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងប្រទេសនៃតំបន់អាស៊ាន ដែលទទួលបន្ទុកលើការងារអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ សរុបចំនួន ៤៥នាក់។
គួរបញ្ជាក់ថា៖កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានសម្រាប់ការងារអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រលើកទី២១ គឺធ្វើឡើងក្នុងរយៈពេល ១ឆ្នាំម្តង ក្នុងគោលបំណងរួមគ្នាអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រអាស៊ានឆ្នាំ ២០២១-២០២៥ ដើម្បីឆ្លើយតបចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ ។