
ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះវាយតម្លៃភូមិគំរូទាំង៣០ភូមិ នៃខេត្តកំពង់ស្ពឺ តាកែវ និងខេត្តត្បូងឃ្មុំ
- ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលកម្មវិធីទី៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះវាយតម្លៃភូមិគំរូទាំង៣០ភូមិ នៃខេត្តកំពង់ស្ពឺ តាកែវ និងខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ព្រមទាំងក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍។
នាឪកាសនោះ ឯកឧត្តម អឿន ធារិទ្ធ បានធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការចុះវាយតម្លៃកំណត់លក្ខណៈសម្បតិ្តភូមិគំរូទាំង៣០ភូមិ ។ តាមរយៈលទ្ធផលនៃការចុះវាយតម្លៃនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងថាលទ្ធផលនេះ មានលក្ខណៈបែបវិទ្យាសាស្រ្តដោយមានភាពច្បាស់លាស់ និងអាចវាស់វែងបាន ភូមិគំរូ គឺជា “ភូមិដ្ឋានដែលមានសុខុដុមនីយកម្ម ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពប្រាក់ ចំណូលគ្រួសារ មានសេវាសង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ” ដើម្បីនិរន្តភាពនៃការអភិវឌ្ឍ លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ក្រុមការងារដើម្បីត្រៀមរៀបចំឯកសារ និងបទបង្ហាញពាក់ព័ន្ធនានាក្នុងសិក្ខាសាលា ព្រមទាំងបានលើកទិសដៅបន្តក្នុងការចុះវាយតម្លៃលក្ខណៈវិនិច្ឆ័យភូមិគំរូទាំង៥០ភូមិសម្រាប់ឆ្នាំ២០២៥ នាពេលខាងមុខ៕