ឯកឧត្តម លី ណារុន បានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានចំនួន ៤ស្រុក ក្នុងនោះមានស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក ក្នុងខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ៖ថ្ងៃពុធ-សុក្រ ៨-១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១-៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានចំនួន ៤ស្រុក ក្នុងនោះមានស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាខ្វះខាតទឹកប្រើប្រាស់និងបរិភោគរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ការចុះជួបពិភាក្សានេះត្រូវបានប្រព្រឹត្តទៅតាមស្រុកនីមួយៗ និងមានការចូលរួមពីសំណាក់ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទី ខេត្តកំពង់ធំ រួមជាមួយថា្នក់ដឹកនាំនិងមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ គណអភិបាលនៃស្រុកទាំង៤ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមូលដ្ឋានដទៃទៀតផងដែរ។

ជាលទ្ធផល នៃកិច្ចពិភាក្សា ស្រុកទាំង៤ មានស្ថានភាពដូចខាងក្រោម៖
១. ស្ថានភាព របស់ឃុំទាំង១០ នៃស្រុកសន្ទុកគឺ
មានស្រះលក្ខណៈគ្រួសារ ៧១ រាំងស្ងួត អណ្តូងចំនួន ១៤៩៥អណ្តូង ជួបបញ្ហាដោយខ្វះខាតទឹក និងអណ្តូងចំនួន ៩៧ រីងស្ងួតទឹកដោយផុតខ្សែទឹកចេញ ដោយមួយចំនួនទៀតប្រើប្រាស់ថវិកាសម្រាប់ទិញទឹកស្អាតប្រើប្រាស់។

២. ស្ថានភាព របស់ឃុំទាំង១២ នៃស្រុកស្ទោងគឺ
មានអណ្តូងចំនួន១៨៥៣អណ្តូង ជួបបញ្ហាដោយខ្វះខាតទឹក និងអណ្តូងចំនួន៦៣៥ រីងស្ងួតទឹកនឹងផុតខ្សែទឹកចេញ និងប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកនៅជិតខាងបាន ចំពោះប្រជាពលរដ្ឋមួយចំនួនទៀតប្រើប្រាស់ថវិកាដើម្បីទិញទឹក។ ក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជូនថវិកាចំនួន១,១៦០,០០០រៀល ដល់លោកនាយកសាលាបឋមសិក្សាម្សាក្រងដើម្បីស្តាស្រះ និងជូនប៊ីដុងទឹកចំណុះ២០លីត្រចំនួន១៤១ប៊ីដុង សម្រាប់ប្រជាពលរដ្ឋ ១៤១គ្រួសារ នៅឃុំបន្ទាយស្ទោង និងឃុំចំណាលើ ស្រុកស្ទោង។

៣. ស្ថានភាព របស់ឃុំទាំង៥ នៃស្រុកប្រសាទសំបូរគឺ
មានអណ្តូងស្នប់រាក់ចំនួន ១៤២អណ្តូង និងអណ្តូងលូចំនួន ៤៦៤ ជួបបញ្ហាដោយខ្វះខាតទឹក មិនមានទឹកដោយផុតខ្សែទឹកចេញ។ ដោយឡែក ឯកឧត្តមរដ្ឋលេខាធិការ បានបន្តជួយឧបត្ថម្ភប៊ីដុងទឹកចំណុះ២០លីត្រចំនួន១៣០ប៊ីដុង សម្រាប់១៣០គ្រួសារ នៅឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ។

៤. ស្ថានភាព របស់ឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្កគឺ
មានអណ្តូងស្នប់រាក់ចំនួន២១០អណ្តូង និងអណ្តូងលូចំនួន១២៧៨អណ្តូង ជួបបញ្ហាដោយខ្វះខាតទឹក មិនមានទឹកដោយផុតខ្សែទឹកចេញ ប្រជាជនអាចប្រើប្រាស់ទឹកនៅជិតខាងបាន។
ដោយឡែក ស្រុកចំនួន៥ទៀត ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ ឲ្យលោកប្រធានមន្ទីរស្តីទី ដឹកនាំមន្ត្រីបច្ចេកទេស បន្តចុះពិនិត្យស្ថានភាពជាបន្តបន្ទាប់ទៀត។ បន្ថែមពីនេះ គួរបញ្ជាក់ដែរថា សម្រាប់ខេត្តកំពង់ធំ មកទល់និងពេលនេះមិនទាន់មានភ្លៀងធ្លាក់នៅឡើយទេ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ