ឯកឧត្តម ប៉ា វង្សសុក្រិត អញ្ជើញចូលរួមប្រជុំស្តីពីការពិនិត្យ ពិភាក្សាស្ថានភាពនៃការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូល ៥លានដុល្លារ ចុះនៅថ្នាក់រាជធានីខេត្ត

ចែលរំលែក
photo 2024 04 11 23 08 35

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ០២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១១  ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការ និងលោកស្រី ខៀវ មាលតី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សាស្ថានភាពនៃការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូល ៥លានដុល្លារ ចុះនៅថ្នាក់រាជធានីខេត្ត ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប  ដែលមានសមាសភាពចូលរួមសរុបមានចំនួន ៧៧រូប ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័នពាក់ពន្ធ័ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ១០ ខេត្ត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ៖

– ពិនិត្យក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធក្រោមច្បាប់ សម្រាប់ផ្តល់សិទ្ធចុះបញ្ជីគម្រោងវិនិយោគនៅ អ.គ.វ.រ.ខ ដែលមានទឹកប្រាក់វិនិយោគ ៥លានដុល្លារចុះ

– វឌ្ឍនភាពនៃកាអនុវត្តការងារជាក់ស្តែងលើការចុះបញ្ជីគម្រោងវិនិយោគនៅរដ្ឋបាលថ្នាក់ក្រោមជាតិរាជធានី ខេត្ត

– ពិនិត្យមើលពីបញ្ហាប្រឈម និងការសម្របសម្រួលកន្លងមករបស់អនុគណ:កម្មាធិការវិនិយោគរាជធានី ខេត្ត

– សំណើសុំដំណោះស្រាយដើម្បីជួយសម្រួលការងារអនុគណ:កម្មាធិការវិនិយោគរាជធានី ខេត្ត ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញនូវអនុសាសន៏ចំនួន ០៦ ចំណុច សម្រាប់គ្រប់ក្រសួង ស្ថាប័នយកទៅអនុវត្តមានដូចខាងក្រោមនេះ ៖

១- គ្រប់ក្រសួង ស្ថាប័ន ត្រូវពិនិត្យមើលមុខងារ និងត្រូវធ្វើប្រតិភូកម្មជូនមន្ទីរជាខ្សែបណ្តោយចំណុះអោយស្ថាប័នរបស់ខ្លួនអោយបានមុនដំណាច់ខែឧសភា ឆ្នាំ២០២៤នេះ។

២- គ្រប់ក្រសួង ស្ថាប័នត្រូវពន្លឿនការរៀបចំចេញសេចក្តីណែនាំបច្ចេកទេស និងធ្វើការបណ្តុះបណ្តាលជូនមន្រ្ដីមន្ទីរ និង អ.គ.វ.រ.ខ អោយបានមុនដំណាច់ខែកក្កដា ឆ្នាំ២០២៤។

៣- គ.ជ.អ.ប ត្រូវសហការណ៍ជាមួយក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបញ្ចប់សៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងការវិនិយោគនៅថ្នាក់រាជធានី ខេត្ត

៤- គ.ជ.អ.ប ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រួតពិនិត្យ និងកែសម្រួលបែបបទ នីតិវិធី អោយកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់

៥- គ្រប់អភិបាលរាជធានី ខេត្ត ត្រូវធ្វើការសិក្សាពីតម្រូវការ និងសក្តានុពលរបស់ខេត្តខ្លួន ព្រមទាំងផ្សព្វផ្សាយដើម្បីទាក់ទាញរកអ្នកវិនិយោគទុន។

៦- គ.ជ.អ.ប ត្រូវសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ពន្ធ័ ដើម្បីរៀបចំកិច្ចប្រជុំចង្អៀតស្តីពី ការងារបច្ចេកទេសលើការវិភាគមុខងារលំអិតរបស់ក្រសួង ស្ថាប័ននីមួយៗមុននឹងសម្រេចធ្វើប្រតិភូកម្ម ៕

photo 2024 04 11 23 08 33photo 2024 04 11 23 08 35photo 2024 04 11 23 08 36photo 2024 04 11 23 08 37photo 2024 04 11 23 08 39photo 2024 04 11 23 08 41

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ