លោក តាន់ វាសនា អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្ត និងការប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថប្រកបដោយប្រសិទ្ធភាព
- ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទី បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្ត និងការប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថប្រកបដោយប្រសិទ្ធភាព ដោយមានការអញ្ជើញចូលរួមពី លោក វណ្ណ សារិទ្ធិ ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ, លោកស្រី ផន សុផារី ប្រធានបច្ចេកទេសទឹកស្អាត និងអនាម័យ វិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI)។
វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីជាអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ, ខេត្តកំពង់ធំ និងអាជ្ញាធរស្រុកសង្គមថ្មី ស្រុករវៀង និងស្រុកប្រាសាទបល្ល័ង្ក សរុបចំនួន ៦៤នាក់ ស្រី៣៧នាក់ ដែលមានការគាំទ្រដោយវិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI) ប្រចាំខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពក្រុមការងារថ្នាក់ឃុំ និងថ្នាក់ស្រុក ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងការផ្លាស់ប្តូរឥរិយាបថគ្រួសារគ្មានបង្គន់ មកសាងសង់បង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងគោលដៅឈានទៅសម្រេចបាន ឃុំ ស្រុក ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅឆ្នាំ២០២៤៕