លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ដែលបានចូលនិវត្តន៍

ចែលរំលែក

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ លោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ដែលបានចូលនិវត្តន៍ សរុបចំនួន៣រូប រួមមាន៖

-លោក ប៉ុក ដារ៉ា អតីតប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ (ភរិយាមកជំនួស ដោយចាស់ជរា)

-លោក ស សំអាត អតីតប្រធានការិយាល័យផ្លូវជនបទ

-លោក លឿម លី អតីតប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ

 

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកប្រធានមន្ទីរ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការ ក៏ដូចសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោក លោកស្រីដែលអញ្ជើញចូលរួមផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានជម្រាបជូនអង្គពិធី អំពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមគោលការណ៍ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រពីនីតិកាលបន្តបន្ទាប់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ។

 

លោកប្រធានមន្ទីរ បានបន្តទៀតថា ការរៀបចំកម្មវិធីសំណេះសំណាលនេះឡើង ក្នុងគោលបំណងសម្តែងនូវការដឹងគុណ កតញ្ញុតាធម៌ ដល់មន្ត្រីរាជការមុនៗ ដើម្បីជាគំរូដ៏ល្អសម្រាប់ការអនុវត្តជាប្រពៃណីនៃការបន្តវេនដល់បងប្អូនមន្ត្រីរាជការក្រោយៗទៀត ។

 

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរក៏បានជូននូវវត្ថុអនុស្សាវរីយ៍ដល់អតីតមន្ត្រីរាជការទាំង៣រូប ក្នុងម្នាក់ៗទទួលបាន មី១កេស ទឹកក្រូច១កេស និងថវិកាមួយចំនួនផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ