ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅខេត្តតាកែវ
- ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃសុក្រ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តតាកែវ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៣ចំណុច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ិត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និងលោក ទុយ សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រីក្រុមប្រឹក្សាក្រុង ស្រុក អភិបាល នៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រីជាប្រធានមន្ទីរវិស័យជុំវិញខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងលោក លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត សរុបចំនួន ១៤៧នាក់។
បន្ទាប់ពីបានស្តាប់នូវការអានរបាយការណ៍ដោយលោកបណ្ឌិត ឆែ គឹមឈាង អគ្គនាយករង នៃអគ្គនាយកបច្ចេកទេស និងមតិស្វាគមន៍របស់ លោក ទុយ សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ រួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពរសព្វសាធុកា ពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងអង្គពិធីទាំងមូល។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានមានមតិសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ដ៏ឧត្តុងឧត្តមចំនួន ១៣ចំណុច របស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដើម្បីឱ្យមន្រ្តីរាជការអនុវត្តទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបញ្ចាក់បន្ថែមទៀតថា នៅប្រទេសកម្ពុជា ភាពក្រីក្រនៅតែជាបញ្ហាប្រឈមសម្រាប់តំបន់ជនបទ។ ដូច្នេះការអភិវឌ្ឍន៍ជនបទនៅកម្ពុជាពិតជាមានសារសំខាន់ និងអាទិភាព និងជាបុរេលក្ខណ្ឌដែលមិនអាចខ្វះបាន ដែលចាំបាច់ត្រូវអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមចំណែកសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និង ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ។
លើសពីនេះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានក៏បានបញ្ជាក់បន្ថែមទៀតថា ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្រ្តខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានគោលបំណងប្រែក្លាយតំបន់ជនបទឱ្យមានការអភិវឌ្ឍ និងរីកចម្រើនប្រកបដោយនិរន្តភាព។ លើសពីនេះ ក្រសួងបានដាក់ចេញនូវ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ ជាបន្តបន្ទាប់ ជាអាទិ៍ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទ៥ឆ្នាំ (២០១៩-២០២៣) មានគោលបំណង “ លើកកម្ពស់គុណភាព និង គុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាប័ន្នទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយបានកំណត់យុទ្ធសាស្រ្តចំនួន៤ គឺ៖១. អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័នរូបវ័ន និងគមនាគមន៍ ២. លើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ៣. ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័ន។
នៅក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ព្រមទាំងឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និង អភិបាលរង នៃគណៈអភិបាលខេត្ត បានបំពាក់មេដាយ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ផងដែរ៕