ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ ដឹកនាំគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវ និងសំណង់សិល្បការចំនួន ៣គម្រោងនៅខេត្តកោះកុង
- ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកោះកុង ៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងសំណង់សិល្បការចំនួន ៣គម្រោងនៅខេត្តកោះកុងដូចខាងក្រោម ៖
-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៣ ០០០ម៉ែត្រទទឹង ៨ម៉ែត្រ លូប្រអប់មុខបួនចំនួន ០១កន្លែង លូប្រអប់មុខបីចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
-គម្រោងទី២ ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST)ចំនួន ០១ខ្សែ ប្រវែង ៤ ២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសមានទទឹងម្ខាងៗ ប្រវែង ០,៥ម៉ែត្រ និងក្រាលកៅស៊ូ (DBST) ព័ទ្ធជុំវិញរង្វង់មូលដែលមានទំហំ ៥ ២៤៥ ម៉ែត្រការ៉េ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
-គម្រោងទី៣ ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ ( DBST) ចំនួន ០១ខ្សែ ប្រវែង ៦ ១០០ម៉ែត្រទទឹង ៨ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរចំនួន ០១កន្លែង លូមូលមុខបីចំនួន ០១កន្លែង លូមូលមុខពីរចំនួន ០២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
បន្ទាប់ពីបានត្រួតពិនិត្យជាក់ស្តែងទៅលើលក្ខណៈបច្ចេកទេស គុណភាព និងសោភ័ណ្ឌភាពរួចមក គណៈកម្មអន្ដរក្រសួង បានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ៕