ឯកឧត្ដម អ៊ិន ចន្ថា ដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៣ និងទិសដៅការបន្តឆ្នាំ២០២៤

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធីបតីក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៣ និងទិសដៅការបន្តឆ្នាំ២០២៤។

 

អញ្ជើញចូលក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម សុង សុផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកអនុប្រធានមន្ទីរ លោក-លោកស្រីជា ប្រធាន-អនុប្រធានការិយាល័យជំនាញទាំង១០ សរុបចំនួន៣០រូប។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខធិការ បានពាំនាំសេចក្តីនឹករលឹក និងការសួរសុខទុក្ខរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  និងផ្ដល់អនុវសាសន៍ឱ្យមន្ត្រីរបស់មន្ទីរទាំងអស់ខិតខំអនុវត្តការងារ ដូចខាងក្រោម៖

-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់មានប្រសិទ្ធភាពថែមទៀត

-ត្រូវរក្សាសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ និងត្រូវបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០

-ត្រូវមានទំនាក់ទំនងជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីពិភាក្សាត្រៀមបង្កើតជាភូមិគម្រូដែលប្រែក្លាយពីទីជនបទ ទៅជាទីប្រជុំជន នាពេលខាងមុខ

 

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការបូកសរុបនិងវាយតម្លៃខ្ពស់ចំពោះការអនុវត្តកម្មវិធីទីទាំងអស់ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធី៍សាត់ សម្រេចបានក្នុងឆ្នាំ២០២៣ កន្លងមកនេះ ហើយឯកឧត្តមបានជម្រុញឲ្យមន្ទីរខិតខំប្រឹងប្រែងការងារបន្តទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ