ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ និងសហការី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងតាមដានការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទខេត្តកំពត។
- ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៧:៥៩ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ០៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ និងសហការី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងតាមដានការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាមន្ទីរ សរុបចំនួន ៤០រូប។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណង៖
១. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
២. ពិភាក្សាពីបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តការងារកន្លងមក
៣. លើកទិសដៅការងារបន្តសម្រាបអនុវត្តនាពេលខាងមុខ។
ក្រោយពី ឯកឧត្តម អ៊ឹង វណ្ណា បានរំលឹកពីវឌ្ឍនភាពនិងការអនុវត្តគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន ដែលកំពុងអនុវត្តក្នុងខេត្តកំពត និងបានណែនាំដល់មន្ទីរឲ្យយកចិត្តទុកដាក់ ក្នុងតាមដាន សកម្មភាពគម្រោងនានា ឯកឧត្តម សាន វិសាល ក៏បានផ្តល់អនុសាសន៍ណែនាំ ០៦ចំណុច ផងដែរ៖
១. ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់
២. ត្រូវមានទីកន្លែងធ្វើការច្បាស់លាស់
៣. ត្រូវមានធនធានមូលធនមនុស្សច្បាស់លាស់
៤. ត្រូវមានរៀបរបបការងារត្រឹមត្រូវ ព្រមទាំងរក្សាឲ្យបាននូវសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នា
៥. ត្រូវមានការបែងចែកតួនាទី ភារកិច្ច ផ្អែកតាមជំនាញ
៦. និងមានការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម។
ជាកិច្ចបន្ទាប់ ឯកឧត្តម ក៏បានចុះពិនិត្យមើលបង្គន់អនាម័យជាលក្ខណៈគ្រួសារ និងអណ្តូងស្នប់ នៅភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ព្រមទាំងទៅពិនិត្យមើលទីតាំងមណ្ឌលសុខភាពបឹងនិមល ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ដែលបានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ជួយដោះស្រាយរំដោះទឹកចេញពីបរិវេណមណ្ឌលសុខភាព កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក។
ជាលទ្ធលផល៖ ឯកឧត្តម សាន វិសាល និង ឯកឧត្តម អ៊ឹង វណ្ណា បានឯកភាពនិងគាំទ្រលើដំណោះស្រាយរបស់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ដែលបានរាយការណ៍និងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ចាក់ក្រួសក្រហមកម្ពស់ ០,៦០ម៉ែត្រ និងចាក់សាបកម្រាស់ ០,២០ម៉ែត្រ មានបណ្តោយ ២១,៥ម៉ែត្រ និងទទឹង ១៦,៥ម៉ែត្រ ដើម្បីជួយរំដោះទឹកចេញពីបរិវេណមណ្ឌលសុខភាពនេះ។