រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យ វាយតម្លៃហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃសៅរ៍ ១រោច  ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្ដីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន ២ ខ្សែ និងស្ពាន ០១កន្លែងនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដូចខាងក្រោមនេះ ៖

-ខ្សែទី១ ៖ ផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ មានប្រវែង ១២,៤ គីឡូម៉ែត្រ តភ្ជាប់ពីភូមិកណ្តៀង ឃុំកណ្តៀងទៅភូមិព្រីងខ្ពស់ ឃុំ ស្រែស្តុក ស្រុកកណ្តៀង ត្រូវទឹកហូរកាត់ខូច  ១ កន្លែង អស់ប្រវែងប្រមាណ ២០០ម៉ែត្រ ។

-ខ្សែទី២៖ ផ្លូវក្រួសក្រហម ០១ខ្សែ ប្រវែង ៩,៣គីឡូម៉ែត្រ (ជាផ្លូវក្រវ៉ាត់ក្រុង ) តភ្ជាប់ពីភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្តៀង ទៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ត្រូវខូចស្ទើរទាំងស្រុង ដោយទឹកហូរកាត់ចំនួន  ៣កន្លែង ប្រវែងសរុបប្រមាណ ១ ៨០០ ម៉ែត្រ។

-ស្ពាន ០១កន្លែង ប្រវែង ៨៤ ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្តី ឃុំកណ្តៀង ទៅភូមិព្រែកឈើត្រាវ ឃុំអន្លង់វិល ស្រុកកណ្តៀង ត្រូវបានទឹកហូរកាត់ផ្តាច់ប្រវែង ៤០ម៉ែត្រ កាលពីពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បច្ចុប្បន្នមិនអាចចរាចរណ៍បានឡើយ ។

សូមបញ្ជាក់ថា ៖ នៅទូទាំងខេត្តពោធិ៍សាត់ផ្លូវជនបទដែលបានលិចលង់ដោយជំនន់ទឹកភ្លៀងមាន ២៥ខ្សែ ស្មើនឹង ២៦៨ គីឡូម៉ែត្រ ក្នុងនោះលិចលង់ទាំងស្រុង ៣៨គីឡូម៉ែត្រ។

មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឲ្យថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋបានឆ្លងកាត់ជាបណ្ដោះអាសន្ន នៅពេលទឹកស្រកទៅវិញ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ