របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​ប្រារព្ធ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​លើក​ទី​២
February 27, 2018 by Chhavorn SENG0

ទិវា​ពិភពលោក​លាង​សម្អាត​ដៃ ដែល​ត្រូវ​បាន​កំណត់​ជា​សកល ដោយ​អង្គការ​សហប្រជាជាតិ​ចាប់​តាំងតែ​ពី​ឆ្នាំ​២០០៨ មក​សម្រាប់​ដាស់​អារម្មណ៍​ប្រជាជន​ទាំងអស់​ទូទាំង​សកលលោក​ឱ្យ​បាន​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុកដាក់​ថា​ការ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​គឺ​ជា​ទម្លាប់​អនាម័យ​ដ៏ល្អ និង​សាមញ្ញ​បំផុត ដែល​អាច​ជួយ​ជីវិត​មនុស្ស​ឱ្យ​ផុត​ពី​គ្រោះ​ថ្នាក់​នៃ ជំងឺ​ឆ្លង​គ្រប់​ប្រភេទ​ដែល​សម្លាប់​កុមារ​អស់​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំៗ​នៅ​លើ​ពិភពលោក​យើង​នេះ។

នៅ​ថ្ងៃ​ទី ១៥ តុលា ឆ្នាំ ២០០៩ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ធ្វើ​កិច្ច​សហការណ៍​ជាមួយ​បណ្ដា​ដៃគូរ​អភិវឌ្ឍន៍​ជា ច្រើន​រៀបចំ​ប្រារព្ធ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​លើក​ទី​២ នៅ​វិទ្យាល័យប៊ុន រ៉ានី-ហ៊ុន សែន មេមត់ ឃុំ ស្រុក​មេមត់ ខេត្ដ​កំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

២គោលបំណង និង​លទ្ធផល​ទទួល​បាន

ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​លើក​ទី​២ ក្នុង​ឆ្នាំ ២០០៩ នេះ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “ដៃ​ស្អាត សង្គ្រោះ ជីវិត” និង​មាន​គោល​បំណង​ជា​ចម្បង​ចំនួន​២ គឺ ៖

១. លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាជន មន្ត្រីរាជការ និង​សិស្សានុសិស្ស​ទូទាំង​ប្រទេស​អំពី​ប្រសិទ្ធភាព អនាម័យ និង​ផលប្រយោជន៍​ជា​វិជ្ជមាន​នៃ​ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ។

២.​ ជំរុញ​ឱ្យ​មាន​ទម្លាប់​ក្នុង​ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​អនាម័យ​នៅ​តាម គ្រួសារ សាលារៀន និង​សហគមន៍។

ជា​លទ្ធផល​ទទួល​បាន គឺ​ក្រោយ​ពី​យុទ្ធនាការ ​និង​ការ​ផ្សព្វផ្សាយ​ផ្សេងៗ​ដែល​កើត​ចេញ​ពី​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​នេះ​ប្រជាជន​ក្នុង​សហគមន៍ បុគ្គលិក-មន្ត្រីរាជការ និង​សិស្សានុសិស្ស ទទួល​បាន​ចំណេះ​ដឹង ព្រមទាំង បង្កើន​ទម្លាប់​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​មុន​ពេល​បរិភោគ និង​ក្រោយ​ពេល​បន្ទោបង់ ដោយ​ផ្អែក​លើ​វិធីសាស្ត្រ លាង សម្អាត​ដៃ​ដែល​ត្រឹមត្រូវ។

៣ សមាសភាព​ចូលរួម

សមាសភាព​ដែល​បាន​ចូលរួម​នៅ​ក្នុង​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​លើក​ទី​២ ឆ្នាំ​២០០៩ នេះ​សរុប​រួម​មាន ២.៨០០ នាក់ ដែល​មាន​សមាសភាព​លម្អិត​ដូច​ខាងក្រោម​នេះ

១. គណៈអធិបតី​-ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ចំនួន ៣២​ រូប

២. សិស្ស​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន មេមត់ (ថ្នាក់ទី ៤-៦) ២០០នាក់

៣. សិស្ស​សាលាវិ​ទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ (ថ្នាក់ទី ៧-១២) ១.២០០នាក់

៤. គ្រូ​សាលាបឋមសិក្សា និង​វិទ្យាល័យ-​បុគ្គលិក​ការិយាល័យ​អប់រំ​ស្រុក ១៣១នាក់

៥. មេ​ភូមិ​ក្នុង​ឃុំ​មេមត់ ១៥​នាក់

៦. មេ​ឃុំ​មក​ពី ១៣​ឃុំ​ក្នុង​ឃុំ​មេមត់ ១៣​នាក់

៧. សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មេមត់ ០៧​នាក់

៨. អភិបាល​ស្រុក​ខាង​កើត​ទន្លេ​មេគង្គ ០៨​នាក់

៩. សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ១៣​នាក់

១០. តំណាង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ទី​រួម​ខេត្ដ​កំពង់ចាម ១២​នាក់

១១. អង្គការ​ពុំ​មែន​រដ្ឋាភិបាល​ក្នុង​ខេត្ដ ៥​នាក់

១២. គណ​អភិបាល​ខេត្ត​កំពង់ចាម និង​ក្រុមប្រឹក្សា​ខេត្ដ ២​នាក់

១៣. ប្រជាជន ១.១១២​នាក់

១៤. អង្គការ​ពុំ​មែន​រដ្ឋាភិបាល​ពី​ភ្នំពេញ និង​សមាសភាព​ផ្សេងៗ ៥០​នាក់

៤ ដំណើរការ​នៃ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ១​៥​តុលា

នៅ​វេលា​ម៉ោង ៨ម៉១៥ ព្រឹក​បន្ទាប់​ពី​ការ​អញ្ជើញ​មក​ដល់​របស់ ឯកឧត្ដម ជា សុផារ៉ា ជា​ប្រធាន​គណៈអធិបតី និង​បណ្ដា​ភ្ញៀវ​ជាតិ អន្ដរ​ជាតិ​ជា​គណអធិបតី​ ការ​ប្រារព្ធ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​តាម​កម្មវិធី គ្រោងទុក។ ក្រោយ​ពី​ការ​គោរព​ភ្លេងជាតិ និង​ការ​ប្រកាស​ហេតុ​ស្ដី​អំពី​អង្គមិទ្ទិញ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ លោក​វេជ្ជ. ជា សំណាង ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ឡើង​រាយការណ៍​ជូន​អង្គ​មិទ្ទិញ​អំពី​ប្រវត្តិ​នៃ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ ដែល​បាន​កំណត់ ដោយ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ឆ្នាំ​អនាម័យ​អន្តរជាតិ ២០០៨ ដែល​មក​ទល់​ពេល​នេះ ​គឺ​ជា​លើក​ទី​២ ហើយ​ដែល​ទិវា​នេះ​បាន​ត្រូវ​ប្រារព្ធ​ទូទាំង ពិភពលោក​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ព្រម​ជា​មួយ​និង​ប្រវត្ដ​នៃ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​នេះ​ដែរ​លោក​ក៏​បាន​អាន​នូវ​សារ​សំខាន់ៗ​មួយ​ចំនួន​ដោយ​សង្ខេប​ស្ដី​អំពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ដែល​ជា​វិធាន​ការ​មួយ​យ៉ាង​សាមញ្ញ​ចំណាយ​ប្រាក់​អស់​តិច តែ​មាន​ប្រសិទ្ធ​ភាព​ការពារ​ជំងឺ​ឆ្លង និង​ថែទាំ​សុខភាព​របស់​មនុស្ស យើង​ខ្ពស់​បំផុត។

ហើយ​ជា​បន្ដ​មក​ទៀត​លោក លន់ លឹមថៃ អភិបាលរង​នៃ​គណអភិបាល​ខេត្ដ​កំពង់​ចាម​បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​គណៈអធិបតី និង​អង្គមិទ្ទិញ​ទាំងមូល។

នៅ​ក្នុង​កម្មវិធី​ជា​បន្ទាប់​លោក Jan Willem Rosenboom ជា​ប្រធាន​កម្មវិធី​ទឹក​ស្អាត និង​អនាម័យ​នៃ​ធនាគា​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ឡើង​ធ្វើ​បទ​អន្ដរាគមន៍ និង​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ប្រារព្វ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​លើកទី​២ នៅ​ក្នុង​ប្រទេស​កម្ពុជា​ព្រមទាំង​បាន​លើក​ឡើង​នូវ​មតិយោបល់​មួយ​ចំនួន​ផ្ដល់​ជា​សារ និង​ចំណេះ​ដឹង​ស្ដី​ពី​ប្រសិទ្ធភាព និង​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ព្រមទាំង​អំពាវនាវ​បំផុស​ឱ្យ​ប្រជាជន សិស្សា នុសិស្ស ព្រមទាំង​មន្ត្រីរាជការ ទាំងអស់​ចាប់ផ្ដើម​មាន​ទម្លាប់​លាងដៃ​ជាមួយ​សាប៊ូ​ដែល​ជា​ការ​បង្កើត​នូវ​វប្បធម៌​អនាម័យ​មួយ​ដ៏​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ឱកាស​ដ៏​ឱឡារិក​អធិកអធម​នេះ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​និង​មាន​មតិ​ណែ​នាំ​ឱ្យ​បណ្ដា​ផ្នែកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្ដ​ទុកដាក់​បន្ដអប់រំ​ជាប្រចាំ និងទម្លាប់​លាង​សម្អាត​ដៃជាមួយ​សាប៊ូជានិច្ច មុន​ពេលហូប​និង​ក្រោយពេល​បន្ទោបង់។ ឯកឧត្ដមក៏​បានបញ្ជាក់ និង​សង្កត់ធ្ងន់​អំពីសារៈសំខាន់​នៃ​ការលាង​សម្អាតដៃ​ជាមួយសាប៊ូ​ដែល​ចំណាយអស់​ថវិការតិច ប៉ុន្ដែ​បានជួយ​ថែទាំសុខភាព​ប្រជាជន​ឱ្យរួចចាក​ផុតពី​ជំងឺឆ្លង​ផ្សេងៗ​ដែល​រួមចំណែក​យ៉ាងធំធេង​ក្នុង​ការកាត់​បន្ថយភាព​ក្រីក្រ ហើយ​នៅពេល​ដែល​ប្រជាជន​មាន​សុខភាព​ល្អ​គឺ​យើង​អាច​មាន​ឱកាស​យ៉ាងច្រើន​ក្នុង​ការចូលរួម​កសាងប្រទេសឱ្យរីកចំរើន​នៅថ្ងៃអនាគត។ នៅ ក្នុងឱកាសនោះដែរ ឯកឧត្ដម ជា សុផារ៉ា បានដឹកនាំ​គណអធិបតី​ចំនួន២​រូបទៀត​ដើម្បី​ប្រារព្វ​នូវ​ការលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ជានិមិត្ដ​រូបនៃ​ការបំផុស​ឱ្យ​មាន​ទម្លាប់​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទូទាំង​ប្រទេស​កម្ពុជា។ នៅក្នុងកម្មវិធីបន្ដ​ទៀតគឺតំណាង​មាតាបិតាសិស្ស និង សិស្ស​ចំនួន១២​រូបបាន​ឡើង​មក​ធ្វើ​ការលាង​សម្អាតដៃ​ជាមួយ​សាប៊ូ តាម​វិធីសាស្ដ្រ​ដែល​ត្រឹមត្រូវ​បង្ហាញ​ជូន​ដល់​សមាជិក​អង្គមិទ្ទិញ​ទាំងមូល​បាន​ឃើញ និង​យល់ដឹង​ដើម្បីបន្ដ​យក​ទៅ ​អនុវត្ដន៍​ជាក់ស្ដែង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

៥​ពិពណ៌​អនាម័យ

នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី​ជា​ផ្លូវ​ការទិវា​ពិភពលោក​លាង​សម្អាត​ដៃ​ឯក​ឧត្ដម ជា សុផារ៉ា ជា​ប្រធាន​គណអធិបតី​នៃ​អង្គមិទ្ទិញ អមដំណើរ​ដោយ​គណអធិបតី​ភ្ញៀវជាតិ និង​អន្ដរជាតិ​ទាំងអស់​បាន​អញ្ជើញ​ចូល​រួម​ទស្សនា​ពិពណ៌​អនាម័យ ដែល​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​ថែទាំសុខភាព​ជនបទ និង​ដៃ​គូរ​អភិវឌ្ឍន៍​មួយ​ចំនួន​ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​មមាញឹក​នៃ​ការងារ ​របស់​ខ្លួន​ក្នុង​ការ​ចូល​រួម​រៀប​ចំពិពណ៌​នេះ។

នៅ​ក្នុង​កម្មវិធី​ទស្សនាពិពណ៌​នេះ​គណអធិបតីមាន​ចំណាប់អារម្មណ៍ ជាសំខាន់​លើពិពណ៌ដូចខាង​ក្រោមនេះ

១. ផ្ទាំង គំនូរ​ (៣០ផ្ទាំង)ស្ដីអំពី​អនាម័យ និង​ការលាងសម្អាត​ដៃ​ជាមួយសាប៊ូគូរ​ឡើង​ដោយ​សិស្សានុសិស្ស​នៃ សាលា​បឋម​សិក្សា និង​វិទ្យាល័យ​ប៊ុន រ៉ានី-ហ៊ុន សែន​មេមត់។

២. សម្ភារៈ និង​ផ្ទាំង​រូបភាព​អប់រំ​អនាម័យ​ក្នុង​សហគមន៍ រៀប​ចំ​ដោយ​នាយកដ្ឋាន​ថែ​ទាំ​សុខភាព​ជនបទ ក្រសួង​អភិវឌ្ឍន៍​ជនបទ។

៣. ផ្ទាំង​រូបភាព​អប់រំផ្នែកសុខភាព និងអនាម័យ​អភិវឌ្ឍន៍ដោយ​នាយកដ្ឋានសុខភាព​សិក្សាក្រសួងអប់រំ យុវជន និងកីឡា។

៤. រូបភាពវីឌីអូ​ និង​រូបថត​សកម្មភាព​លើកកម្ពស់​អនាម័យរបស់​កាកបាទក្រហម​បារាំង និង​អង្គការ Muslim Aid

៥. សម្ភារៈ​លាង​សម្អាត​ដៃដែល​ឆ្នៃប្រឌិត ដោយ​ប្រើប្រាស់សម្ភារៈ​សាមញ្ញរកបាន​ក្នុងមូលដ្ឋាន​ព្រម​ទាំង​គំរូ បង្គន់​ចាក់ទឹក​ប្រភេទថ្មី ដែល​មាន​តម្លៃទាប អភិវឌ្ឍន៍​ដោយ​អង្គការ Lien Aid អង្គការ World Toilet Organization (WTO) អង្គការ Rain Water Cambodia (RWC) ។

៦. សាប៊ូ​គ្រប់ប្រភេទ​សម្រាប់​លាងសម្អាតដៃ ដែល​ជា​ការ​ចូល​រួម​របស់​វិស័យ​ឯកជន​ក្នុង​ការងារ​លើក​កម្ពស់​អនាម័យ ជនបទ​រៀបចំ​ដោយ​ក្រុមហ៊ុន ​Uniliver។

ជា​មតិ​លើក​សសើរ និង​ឆ្លើយ​តប​ចំពោះ​សម្មទ្ធិផល​ការងារ​ផ្នែក​អនាម័យ​នេះ គណអធិបតី​បាន​សំណូម​ពរ​ឱ្យ​បណ្ដា​ដៃ​គូរ​អភិវឌ្ឍន៍​ទាំងអស់​បន្ដរួមចំណែក​ជំរុញ​ការងារ​លើកកម្ពស់​អនាម័យក្នុងសហគមន៍​ឱ្យកាន់តែ​ប្រសើរ​ថែមទៀត​ដើម្បី​ជំរុញ​ឱ្យ សម្រេច​បាន​នូវ​គោល​ដៅ​សហសវត្សន៍​កម្ពុជា និង​វិស័យ​ទឹកស្អាត និង​អនាម័យ​ជនបទ។

៦​កម្មវិធី​បំផុសចលនា​លាងសម្អាត​ដៃជាមួយ​សាប៊ូតាម​រយៈវិស័យសិល្បៈ និង​ការប្រឡង​ប្រណាំង​សំណួរ ចម្លើយ​ជា មួយ​សិស្សានុសិស្ស

ដើម្បី​រួម​ចំណែក​ឱ្យ​កាន់តែ​ផុលផុស​ក្នុង​ការ​បំផុសចលនា​លាងសម្អាត​ដៃជាមួយ​សាប៊ូ នៅ​ថ្ងៃ​រសៀលទី​១៥ ខែ​តុលា ឆ្នាំ​២០០៩ នោះដែរ​ក្រុមការងារ​រៀបចំ​អង្គមិទ្ទិញ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​បានបន្ដកម្ម​វិធីសំខាន់ៗ​ចំនួន៣ទៀតគឺ កម្មវិធី​ប្រឡងគូរ​គំនូរ កម្មវិធី​សំណួរ ចម្លើយ និង​កម្មវិធី​ឆាក​កំប្លែង​ដែល​សម្ដែង​ដោយក្រុម​នាយចាប ចៀន។

ចូល​រួម​ជា ​អធិបតីភាព​ក្នុង​ឱកាស​នោះ​រួមមាន ៖

-លោក គី សុផល អនុប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​ក្រសួង​អភិវឌ្ឍន៍​ជនបទ

-លោក រស់ សុខុន អភិបាលរង​ស្រុក​មេមត់

-លោក ឡុង សុត្ថា អនុ​ប្រធានមន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ដ​កំពង់ចាម

-លោក ហេង សន្ដិភាព តំណាង​អង្គការ Unicef

-លោក សាន អឿន នាយកវិទ្យាល័យ ប៊ុន រ៉ានី-ហ៊ុន សែន មេមត់

ចូល​រួមភ្ញៀវកិត្ដិយស​នាឱកាស​នេះ​ដែរ​រួមមាន​លោក Khairul Hafizជាប្រធាន​អង្គការ Muslim Aid និង​លោកគ្រូ អ្នកគ្រូ​នៃសាលា​បឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី-ហ៊ុន សែន​មេមត់ សរុប​ចំនួន​២០រូប។

១. នៅក្នុងកម្មវិធីប្រឡងគំនូរ​មាន​បេក្ខជន​ជាសិស្សា​នុសិស្សចំ​នួន៨រូប ជ្រើសរើស​ចេញ​ពីសិស្ស ៣០រូប​ដែលបាន

គូរគំនូរ​ស្ដីពីអនាម័យ និង​ការលាង​សម្អាតដៃ​ជាមួយ​សាប៊ូកាល​ពីថ្ងៃទី១៤ ខែ​តុលា ឆ្នាំ​២០០៩ បាន​ចូលរួម​ប្រឡង​នៅ​ជុំ​ផ្ដាច់ព្រ័ត។ ជាលទ្ធផលមាន​សិស្ស​ចំនួន​៣រូប បាន​ទទួល​ជ័យលាភីរ​ង្វាន់​លេខ១​ លេខ​២ លេខ៣ ​និងរង្វាន់​លើកទឹកចិត្ដ ​ចំនួន៥​រូបទៀត អំពីគ​ណអធិបតី។

២. ដើម្បី​បំផុសឱ្យមាន​ការយល់​ដឹង​យ៉ាង​ទូលំទូលាយ​ផ្នែក​ចំណេះ​ដឹង​ទាក់ទង​និង​អនាម័យ និង​ការលាងសម្អាត ដៃក្នុង​ជួរប្រជាជន និង​សិស្សានុសិស្សបន្ទាប់​ពីកម្មវិធី​ប្រឡង​គំនូរគឺកម្មវិធី​សំណួរ ចម្លើយ​ដែលមាន​បេក្ខជន​ជា​សិស្ស ថ្នាក់ទី៦ មកពីសាលាបឋមសិក្សា ប៊ុន រ៉ានី-ហ៊ុន សែន មេមត់​ចំនួន ៨នាក់​បានចូលរួម។ ជាលទ្ធផលមានសិស្ស ចំនួន១​រូបទទួល​បាន ជ័យលាភី​លេខ១ ចំនួន១រូបទៀតទ​ទួលជ័​យលាភីលេខ២ ចំនួន១​រូបទទួល​ជ័យលាភី​លេខ៣ និង៥រូប ទៀតទទួល​រង្វាន់លើកទឹកចិត្ដ។

៣. កម្មវិធីដែលទទួល​ការចាប់អារម្មណ៍ និង​រីករាយ​បំផុតពី​សំណាក់ប្រជាជនគឺ កម្មវិធីឆាក​កំប្លែងអប់រំ​អនាម័យ​សុខភាព​ជាពិសេស​ផ្ដោត​ការយកចិត្ដទុ​កដាក់លើ​ការងារ​សម្អាត​ដៃ​ដែល​កំប្លែង​ដោយ​ក្រុម​កំប្លែង​លោក​ចាប​ចៀន។

សេចក្ដី​ដូច​បាន​គោរព​ជម្រាប​រាយការណ៍​ជូន​ខាងលើ​សូម ឯកឧត្តមរដ្ឋមន្រ្តី មេត្តា​ជ្រាប​ជា​របាយការណ៍ និងផ្តល់​ជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់។

សូម ឯកឧត្តម​រដ្ឋមន្រ្តី មេត្តា​ទទួល​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំបាទ។

អ្នករាយការណ៍

ឱសថការី គី សុផល

Scroll Up