ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានា ស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានា ចំណាយថវិកាសរុប ១០២ ១០០ ដុល្លារអាមេរិក ស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូន សានិកឥស្លាម ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង និងបានចូលរួមអបអរសាទរចំពោះសមិទ្ធផលវិហារឥស្លាមថ្មី និងសមិទ្ធផលនានាជាច្រើន ទៀតដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងថ្ងៃនេះ ក៏ដូចជាសមិទ្ធផល នានា ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វិហារ សម្រាប់សាសនិកឥស្លាមទាំងអស់ក្នុងស្រុកសាមគ្គីមានជ័យ ក៏ដូចជានៅទូទាំងខេត្តកំពង់ឆ្នាំង ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងថា នៅពេលប្រទេសជាតិយើងធ្លាក់ក្នុងភ្លើងសង្គ្រាម គឺគ្រប់សាសនាទាំងអស់ក៏ត្រូវរងការបំផ្លាញ ហើយលំបាកវេទនាជាទីបំផុត និងមានការរើសអើង បិទសិទ្ធិសេរីភាពដូចគ្នាផងជាពិសេសក្នុងរបបប្រល័យជូជសាសន៍ ហើយនៅពេលនេះប្រទេស មានសេចក្ដីសុខ គ្រប់សាសនាទាំងអស់ក៏បានរស់ឡើងវិញពីសង្គ្រាម និងទទួលបានសិទ្ធិសេរីភាពដូចគ្នា និងរស់នៅក្រោមដំបូលនៃសុខសន្តិភាពសន្តិភាពទាំងអស់គ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅខ្មែរឥស្លាមទាំងអស់នៅខេត្តកំពង់ឆ្នាំង ដែលតែងតែគាំទ្ររាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក និងបានផ្ដាំផ្ញើដល់បងប្អូនចូលរួមថែរក្សាសន្តិភាព ជាពិសេសគឺជួយគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី នាពេលអនាគត។

ឯកឧត្ដមបណ្ឌិត បានរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿលើការញុះញង់របស់ជនអគិតិមួយចំនួន ហើយ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះសូមបងប្អូន ត្រៀមឯកសារពាក់ព័ន្ធ និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ ដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្ដី ការពារសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍប្រទេស។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងពី ជោគជ័យរបស់រាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា និងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រកបដោយមោទនភាពជាទីបំផុតនៅក្នុងប្រវត្តិសាស្រ្ត។

ឯកឧត្ដមគណអធិបតី បានជូនថវិកា ៥លានរៀល សម្រាប់កម្មវិធីនេះ និងបានសន្យាជួសជុលផ្លូវ ១ ៥០០ម៉ែត្រ នៅភូមិចន្លោះដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ តាមសំណូមពរ ជូនវត្ថុអនុស្សាវរីយ៍ប្រជាពលរដ្ឋ ចូលរួម ៦៦០នាក់ ម្នាក់ៗទទួលបានសារ៉ុង ១ ថវិកា ១ម៉ឺនរៀល សិស្សានុសិស្ស ៥០នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ថវិកា១ម៉ឺនរៀល ៕

Share your thoughts