ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោងកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោងកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។

គម្រោងខាងលើនឹងអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០២២-២០២៦ នៅក្នុងខេត្តគោលដៅចំនួន ៣ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន មានគោលបំណងជាអាទិភាពចំនួន ៣ គឺ ៖

១- កែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ
២- បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ និង
៣-ពង្រឹងអភិបាលកិច្ចនៅសហគមន៍ជនបទ។

គម្រោងនេះមានបេសកម្មប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធឲ្យទៅជាភូមិដ្ឋានដែលមានសន្តិភាព និងភាពសម្បូររុងរឿង ដោយផ្តោតលើការអភិវឌ្ឍសហគមន៍ជនបទប្រកបដោយចីរភាព៕

Share your thoughts