ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ទទួលជួបនាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា (SNV)

លោក Rens Verstappen  នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា(SNV)​​ បានសម្ដែងការអបអរសាទរចំពោះ ការរីកចម្រើនលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។​

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង​ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក Rens Verstappen  នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា(SNV)​​ បានសម្ដែងការអបអរសាទរចំពោះ ការរីកចម្រើនវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា និងសមិទ្ធផលជាច្រើនទៀតដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបាន។

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍លោក Rens Verstappen  នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា ​​និងសហការីដែលបានមកសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ   និងថ្លែងអំណរគុណដល់អង្គការនេះ ដែលកន្លងមកបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបាន សហប្រតិបត្តិការល្អ​ជាមួយថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យផ្គត់ផ្គង់ទឹកស្អាត  រស់នៅស្អាត និងអនាម័យជនបទ ហើយជាដៃគូរដ៏សំខាន់រួមចំណែកអភិវឌ្ឍវិស័យនេះ នៅក្នុងខេត្តគោលដៅនៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺខេត្តកែប កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង និងស្វាយរៀងនៅឆ្នាំ២០២៣។

ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានបញ្ជាក់ថា សកម្មភាពរបស់អង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជាស្របទៅនិងផែនការសកម្មភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូចនេះត្រូវរួមគ្នាដើម្បីជម្រុញវិស័យនេះឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ផែនការយុទ្ធសាស្រ្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺចង់ឲ្យប្រជាពលរដ្ឋនៅជនបទ ៩០%​ មានទឹកស្អាត និងមានបង្គន់អនាម័យប្រើប្រាស់តាមខ្នងផ្ទះនៅឆ្នាំ ២០២៣ ដោយសហប្រតិបត្តិការជាមួយ ដៃគូរ អាជ្ញាធរថ្នាក់ក្រោមជាតិខិតខំជម្រុញវិស័យនេះ។

លោក Rens Verstappen  នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា ​​ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី និងសហការី ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយនិងអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា​ នាពេលកន្លងមក ។ លោកបន្តថា អង្គការរបស់លោកបានធ្វើសកម្មភាពជាច្រើនទាក់ទិនទៅនិង លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈគម្រោងមួយឈ្មោះថាគម្រោង ” អនាម័យសម្រាប់ទាំងអស់គ្នា ” ដែលគម្រោងនេះមានគោលបំណងចង់ឲ្យស្រុកគោលដៅក្លាយទៅជាស្រុកដែលប្រជាពលរដ្ឋបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ។ លោកបានបន្តថា៖អង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជាធ្វើសកម្មភាពអភិវឌ្ឍចម្រុះ ហើយពេលថ្មីៗនេះបានធ្វើឲ្យស្រុកបន្ទាយមាសខេត្តកំពត ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ពោលគឺប្រជាពលរដ្ឋនៅទូទាំងស្រុកមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ។​​

ជាមួយក្នានេះ លោក Rens Verstappen  ​បានគោរពអញ្ជើញ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី ផ្ដល់កិត្តិយសក្នុងពិធីប្រកាសស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ និងស្រុកជុំគីរីខេត្តកំពងជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលជាផ្លូវការ ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី ០៥ ខែមីនា ខាងមុខនេះ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានទទួលយកសំណើនេះគឺនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ដោយឡែកសម្រាប់កម្មវិធីប្រកាសនៅស្រុកជុំគីរី ខេត្តកំពត ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដីនឹងចាត់តំណាងឲ្យទៅចូលរួម ។

គួររំលឹកថា៖ គិតមកដល់ដើមខែកុម្ភៈ ឆ្នាំ ២០២០ នេះ​ប្រជាពលរដ្ឋដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺមាន ស្រុករំដួង ខេត្តស្វាយរៀង ស្រុកបន្ទាយមាសនិង ស្រុកជុំគីរី​ ខេត្តកំពត និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕

(អត្ថបទ ជា វិសែស)

Share your thoughts