មន្ទីរ​អភិវឌ្ឋន៍​ជនបទ​ខេត្ត​កំពត​ប្រកាស​តែងតាំង​ប្រធាន​ថ្មី
March 1, 2018 by Chhavorn SENG0

នៅ​ព្រឹក​ថ្ងៃ​ពុធ ១១ រោច ខែស្រាព​ណ៍ ឆ្នាំមមែ ព.ស.២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែកញ្ញា គ.ស. ២០១៥ នៅសាលាខេត្តកំពត បានរៀបចំពិធីប្រកាសតែងតាំង លោក ហូ សូរិន ជាប្រធានមន្ទីរអភិវឌ្ឋន៍ជនបទខេត្តកំពត ជំនួន លោក សេង ឆូង ដែលបានចូលនិវត្តន៍ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។ អញ្ជើញ​ចូលរួម​ក្នុងពិធិ​នេះផងដែរមាន ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អគ្គាធិការនៃអគ្គាធិការដ្ឋាន​ ឯកឧត្តម ខូយ ឃិនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ លោកស្នងការរង លោក​ លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនខេត្តកំពត សរុប​ចំនួន ៨០ រូប ។

បន្ទាប់ពី លោក​ សេង ឆូង ប្រធាន​មន្ទីរ​ចូល​និវត្តន៍ បានឡើង​ធ្វើរបាយការណ៍ស្វាគមន៍ លោក ទួន ភិរម្យ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​បុគ្គលិក បានឡើងអានប្រកាសតែងតាំងប្រធានមន្ទីរថ្មី និងអនុក្រឹត្យតែងតាំងអតីតប្រធានមន្ទីរជាទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទដែលមានឋានៈស្មើប្រធាននាយកដ្ឋាន។ បន្ទាប់មក ឯកឧត្តម ខូយ ឃិនហ៊ួរ អភិបាលខេត្ត​នៃគណៈ​អភិបាលកំពត បានមានមតិសំណេះ​សំណាល និងផ្ដាំផ្ញើរ​ដល់ប្រធាន​​មន្ទីរថ្មីធ្វើយ៉ាងណាបន្ដខិតខំបំពេញការងារ និងអនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ ក្នុងនាម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាន ផ្ដាំផ្ញើដល់ឱ្យ​មន្ទីរយក​ចិត្តទុកដាក់​លើការងារពង្រឹង​សម្ថភាពរបស់មន្ត្រីរបស់ខ្លួង ដែលជាធនធានក្នុងការពង្រឹង និងអភិវឌ្ឍស្ថាប័ន។​ ជាងនេះទៅទៀតមន្ទីរត្រូវខិតខំសហការ​ជាមួយអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជម្រុញការងារអភិវឌ្ឍន៍ជនបទឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។​

មន្ទីរត្រូវយកចិត្តទុកដាក់បន្ថែមលើការងារផ្គត់ផ្គង់ទឹកស្អាតដែលក្រសួងបានផ្ទេរមុខងារមករដ្ឋាបាលថ្នាក់ក្រោមជាតិ ដែលជា​ការយន្ដការ​ក្នុង​ការអនុវត្ត​​គោលនយោបាយ​វិមជ្ឈការ ដោយ​ធ្វើ​យ៉ាង​ណាឲ្យ​ការងារ​នេះ​អាច​ដំណើរ​ការទៅ​បានល្អ និងប្រកបដោយជោគជ័យ។

ជា​កិច្ចបញ្ចប់ ឯកឧត្តម​បណ្ឌិត បាន​គោរពជូនពរ​ដល់ឯកឧត្តម លោកជំទាវ ​លោក លោកស្រី ជួ​ប​ប្រទេះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។ បន្ទាប់មក ឯកឧត្តម​បណ្ឌិត ក៏បានប្រគល់ប្រកាស និងត្រា មន្ទីរអភិវឌ្ឍន៍ជន ជូនលោក ហ៊ សូរិន ដើម្បី​ដឹកនាំការងារ​ក្នុងនាម​ជាប្រធាន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តកំពត​ចាប់ពីពេល​នេះ​តទៅ។

Scroll Up