
ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសគម្រោង NRRPCP ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង
- ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៣:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង៖ នាថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានះញ្ជើញដឹកនាំមន្រ្តីបច្ចេកទេសថ្នាក់ជាតិ (PMU) ព្រមទាំងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាព និងបច្ចេកទេសការងារសាងសង់ផ្លូវស្ថិតក្នុងខេត្តត្បូងឃ្មុំ និងព្រៃវែង រួមមាន៖
+ខ្សែទី១ ផ្លូវ Batch2-Lot4 (ថ្មទទឹង-សំពៅលូន) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) មានប្រវែង ១១គីឡូម៉ែត្រនិង ៦៨៥ម៉ែត្រ តភ្ជាប់ពីភូមិថ្មទទឹង ឃុំជាំតាម៉ៅ ទៅដល់ភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលទទួលកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន Banteay Srei Engineering & Construction Co., LTD។ ខ្សែផ្លូវនេះស្ថិតក្នុងដំណាក់កាលជួសជុលថែទាំសុពលភាព រយៈពេល១២ខែ ដោយគិតចាប់ពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
+ខ្សែទី២ ផ្លូវ Batch4-Lot1 (មេម៉ៃ-មែកពុក) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក, មានប្រវែង ១១ គីឡូម៉ែត្រនិង ២៣៦ ម៉ែត្រ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ទៅដល់ភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទទួលកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., LTD.។ ជាលទ្ធផល ការងារសាងសង់ផ្លូវបានសម្រេច ៩៧%ហើយមកទល់ពេលនេះ។
+ខ្សែទី៣ ផ្លូវ Batch4-Lot2 (ទានភ្លើង-ព្រៃទទឹង) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក, មានប្រវែង ១៨ គីឡូម៉ែត្រនិង ៧៤ម៉ែត្រ តភ្ជាប់ពីភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ទៅដល់ភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង និងទទួលកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន Royal Mekong Construction & Development Pte., Ltd។ ជាលទ្ធផល ការងារសាងសង់ផ្លូវបានសម្រេច ៦៦%។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំប្រជុំពិភាក្សានៅការដ្ឋានជាមួយក្រុមហ៊ុនទទួលការ ក្រុមទីប្រឹក្សាបច្ចេកទេស មន្រ្តីបច្ចេកទេសថ្នាក់ក្រសួង (PMU) និងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) ឲ្យក្រុមហ៊ុនពន្លឿនការងារសាងសង់ឲ្យបានលឿន និងត្រឹមត្រូវតាមប្លង់បច្ចេកទេស និងទាន់ពេលវេលាដែលមានចែងក្នុងកិច្ចសន្យា៕