
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាទៅជូន លោកស្រី ញ៉ៅ សុខវ៉េន ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត
- ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១០:០៥ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃពុធ ១ពុធ ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី និងប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់របស់ឯកឧត្តមទៅជូន លោកស្រី ញ៉ៅ សុខវ៉េន មន្ត្រីបម្រើការងារនៅនាយកដ្ឋានថែទាំសុខភាពជនបទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនៅការជូនពរចំពោះលោកស្រី សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ ។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណលោក លោកស្រីវេជ្ជបណ្ឌិត ដែលតែងតែខិតខំប្រឹងប្រែងអស់សមត្ថភាពព្យាបាល និងថែទាំអ្នកជម្ងឺផងដែរ ។
ជាមួយគ្នានោះដែរ លោកស្រី ញ៉ៅ ស្រីវ៉ែន និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់មន្រ្តីគ្រប់រូប និងគ្រប់កាលៈទេសៈ៕