
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី
- ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១២:១១ ល្ងាច
- សកម្មភាពក្រសួង

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំ នៅទូទាំងខេត្តរតនគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីសម្ពោធដែលប្រារព្ធឡើងនាឱកាសនេះ គឺជាការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាជាច្រើនទៀងក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ទទួលបានការអប់រំមួយល្អប្រសើរ និងប្រកបដោយគុណភាព។ គិតមកទល់ពេលនេះ នៅក្នុងខេត្តរតនគិរី មានសំណង់អគារសិក្សាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ៤៨ខ្នង ស្មើនឹង ៣០២បន្ទប់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអប់រំផ្សេងៗទៀត។ ក្នុងនោះសំណង់ហេដ្ឋារចនាសម្ព័ន្ធអប់រំដែលមិនទាន់បានធ្វើពិធីសម្ពោធមាន ២៦កន្លែង និងខ្លោងទ្វារចំនួន ៤កន្លែង៕