
លោកជំទាវ ហូ សុវណ្ណិកា បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP)
- ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ដែលបានរៀបចំនៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។
ពិធីនេះមានការអញ្ជើញចូលរួម លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោង លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង Mr.Moon Ho Yeun Team Leader (KCI) ព្រមទាំងលោកស្រី អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញនៃមន្ទីរខេត្តចំនួន៣ លោក លោកស្រី មន្ត្រី PMU/PIU និងបុគ្គលិកក្រុមហ៊ុនអ្នកទទួលការសាងសង់ ទាំង៤ក្រុមហ៊ុន ក្រុមការងារគម្រោងសរុបចំនួន ៥៤នាក់ ស្រី១០នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពបន្ថែម ដល់មន្ត្រីថ្នាក់ក្រសួង ថ្នាក់មន្ទីរ ក្រុមការងារគម្រោង និងបុគ្គលិកក្រុមហ៊ុនទទួលការសាងសង់ដូចខាងក្រោម៖
១.យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលហៅថាការពិនិត្យតាមដាន និងវាយតម្លៃ ក៏ដូចជា សូចនាករលទ្ធផល ក្រោមនៃក្របខណ្ឌរបស់គម្រោង
២.យល់ដឹងអំពីការពិនិត្យតាមដានតាមប្រព័ន្ធឌីជីថល ដោយមានសមត្ថភាពប្រើឧបករណ៍ និងទម្រង់ពិនិត្យតាមដាន វាយតម្លៃ និងយល់ដឹងអំពីរបៀបកត់ត្រាវឌ្ឍនៈភាពនៃការសាងសង់ផ្លូវ
៣.របៀបរាប់ចរាចរណ៍តាមប្រព័ន្ធឌីជីថល និងរបៀបចុះអង្កេត (សម្ភាសន៍) ចុងគ្រា ដើម្បីស្ទាប់ស្ទង់កម្រិតពេញចិត្ត របស់អ្នកទទួលផល និងអ្នកប្រើប្រាស់ផ្លូវ
៤.កំណត់បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំង ឆ្លុះបញ្ចាំងមេរៀនបទពិសោធន៍ពីអនុវត្តការងារ។