
លោកស្រី សំ សុមាលី ដឹកនាំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណ សម្រាប់បងប្អូនជនជាតិភាគតិច
- ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តក្រចេះ ៖ នាថ្ងៃអង្គារ ១១កើត-ពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៥ លោកស្រី សំ សុមាលី អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសចំនួន ២រូប និងមន្រ្តីជំនាញនៃអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណ សម្រាប់បងប្អូនជនជាតិភាគតិច មិល នៅភូមិចង្ហប និងជនជាតិដើមភាគតិច ព្នង នៅភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ និងជនជាតិដើមភាគតិច ព្នង ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ តំណាងសាលាខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនជនជាតិដើមភាគតិចទាំង ៣ភូមិ សរុបចំនួន ២០៩នាក់។
ការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីឲ្យបងប្អូនជនជាតិដើមភាគតិចបានយល់ដឹងអំពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធីក្នុងដំណើរការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងអត្ថប្រយោជន៍នៃការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ។