
លោក ស្រ៊ិន ពុទ្ធីដឹកនាំក្រុមការងារបច្ចេកទេសអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍ អាស៊ីចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូច សហគមន៍នៅខេត្តកំពង់ស្ពឺ
- ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១:៥៧ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពង់ស្ពឺ៖នាថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយកគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារបានអញ្ជើញចូលរួមអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោកស្រី Siti Hassanah ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិថ្មី ឃុំជាំសង្កែ បង្គន់គ្រួសារ និងស្រះសហគមន៍ នៅភូមិដំបូករូង ឃុំដំបូករូង និងស្រះសហគមន៍ នៅភូមិថ្មី ឃុំតំាងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បេសកកម្មនេះមានអ្នកចូលរួមចំនួន ២៤ នាក់ ស្រី ០៥ នាក់។
ជាមួយគ្នានេះក្រុមការងារបានជួបសំណេះសំណាល និងសាកសួរព៍ត័មានជាមួយគណៈកម្មការគ្រប់គ្រងប្រព័ន្ធ និងស្រះ ម្ចាស់បង្គន់អនាម័យ និងបងប្អូនអ្នកទទួលផល រួមមានដូចខាងក្រោម:
១-ប្រព័ន្ធចែកចាយទឹកខាងលើបានបម្រើជូនប្រជាពលរដ្ឋចំនួន ២៤០ ខ្នងផ្ទះ/៣១០ ខ្នងផ្ទះ
២-តម្លៃសេវាទឹក ២.០០០ រៀល ក្នុងមួយម៉ែត្រគូប
៣-ប្រាក់ចំណូលពីការលក់សេវាទឹកបានចំនួន ១.២០០.០០០ រៀលក្នុងមួយខែ
៤-គណៈកម្មការចំនួន ០៥ នាក់ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៥០.០០០ រៀល/ម្នាក់/ខែ
៥-ថវិកាទុកសម្រាប់ដំណើរការ និងថែទាំប្រព័ន្ធ គឺ ១២០.០០០ រៀល ជារៀងរាល់ខែ
៦-តម្លៃសេវាទឹកគ្រោងនឹងដំឡើងដល់ ២.៥០០ រៀល ក្នុងមួយម៉ែត្រគូប
៧-គម្រោងផ្ដល់ជូនបង្គន់អនាម័យប្រើប្រាស់សម្រាប់គ្រួសារក្រ ១ មានសមាជិកចំនួន ០៣ នាក់
៨-មុនពេលមានបង្គន់អនាម័យ ពួកគាត់បន្ទោបង់ពាសវាលពាសកាល
៩-ស្រះសហគមន៍មានទំហំ ៤៥ ម៉ែត្រx៥៥ ម៉ែត្រx៦ ម៉ែត្រ សម្រាប់ប្រើប្រាស់ចំនួន ១៥៦ គ្រួសារ
១០-ប្រជាពលរដ្ឋប្រើប្រាស់នេះសម្រាប់ដាំស្ល និងផឹក
១១-តម្លៃសេវាទឹក ១ ប៊ីដុង(៣០ លីត្រ) គឺ ២.០០០ រៀល
១២-ថវិកាដែលបានមកពីលក់សេវាទឹក គឺទុកសម្រាប់ការជួសជុល និងថែទាំស្រះ
១៣-ដើម្បីធានាឲ្យស្រះនេះមាននិរន្តរភាព ក្រុមការងារបានស្នើសុំឲ្យគណៈកម្មការដំឡើងតម្លៃសេវាទឹកដល់ ២.៥០០ រៀលក្នុងមួយប៊ីដុង និង
១៤-ក្រុមការងារបានលើកទឹកចិត្តឲ្យគណៈកម្មការស្វែងរកយុទ្ធសាស្រ្តទីផ្សារដើម្បីបង្កើនចំណូលសេវាទឹក។