ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំមន្រ្តីបច្ចេកទេសថ្នាក់ក្រសួង (PMU) មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ចុះត្រួតពិនិត្យនូវវឌ្ឍនភាពការងារ
- ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកោះកុង៖ នៅថ្ងៃអង្គារ-ពុធ ១០-១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង លោក អ៊ួង ប៉ុណ្ណាកា ប្រធានគ្រប់គ្រងគម្រោង ព្រមទាំងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំមន្រ្តីបច្ចេកទេសថ្នាក់ក្រសួង (PMU) មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) បានចុះត្រួតពិនិត្យនូវវឌ្ឍនភាពការងាររួមមាន៖
-សាងសង់ស្រះសហគមន៍ ស្ថិតក្នុងបរិវេណវត្តគងឆា ភូមិជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាស្រះទឹកសហគមន៍លេខ (CP 016)។ ស្រះទឹកនេះជាប្រភេទស្រះដី មានទំហំ (100mX45m) និងមានជម្រៅ 4.5m មានជណ្តើរចុះក្នុងស្រះសង់ពីបេតុង ចំនួន២ លូរំដោះទឹកចំនួន២ អាងចម្រោះទឹកចំនួន១ និងមានបំពាក់ប្រព័ន្ធម៉ូទ័របូមទឹកស្វ័យប្រវត្ត ដែលដំណើរការថាមពលពន្លឺព្រះអាទិត្យ។ ស្រះទឹកនេះក៏មានរបងការពារសុវត្ថិភាពហុំព័ទ្ធជុំវិញផងដែរ។ ស្រះសហគមន៍នេះបានចាប់ផ្តើមសាងសង់នៅ ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
-ការងារសាងសង់ផ្លូវថ្មបាំង ដែលជាខ្សែផ្លូវក្នុង (B2-Lot5) មានប្រវែងសរុប ២៦,១០គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ដែលមានលូមូលកាត់ផ្លូវចំនួន ៩កន្លែង ដែលតជាប់ពីផ្លូវជាតិលេខ៤៨ ដល់ស្រុកថ្មបាំង ដែលបានចាប់ផ្តើមសាងសង់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ការសាងសង់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥ លទ្ធផលសម្រេចបាន ២៥%។