ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំគណៈកម្មការអន្តរ ចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារស្ថាបនា និងស្តារឡើងវិញផ្លូវ ចំនួន៣គម្រោង នៅខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តកណ្តាល
- ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តកណ្តាល ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារស្ថាបនា និងស្តារឡើងវិញផ្លូវ ចំនួន៣គម្រោង អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖
– គម្រោងទី១ ៖ ការងារស្តារឡើងវិញផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ២ ០៤០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
– គម្រោងទី២ ៖ ការងារជួសជុលផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ មាន ៣កំណាត់ ប្រវែងសរុប ១ ០០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិរ៉ា ឃុំត្បែងខ្ពស់ និងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
– គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែមានប្រវែង ១ ៥០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអន្លុងព្រីង ទៅភូមិទែន ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំងនេះដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះនិងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែទាំសមិទ្ធផលផ្លូវ និងសំណង់សិល្បការ្យ នៅក្នុងមូលដ្ឋានកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវ ដើម្បីរក្សាគុណភាពផ្លូវនិងលូឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ។
បន្ទាប់មកគណៈកម្មការអន្តរក្រសួងបានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងអ្នកបច្ចេកទេសដោយបានឯកភាពទទួលយកលទ្ធផលការងារ ១០០% ចំពោះគម្រោងទី១ និងទទួលយកការបញ្ចប់សុពលភាពចំពោះគម្រោងទី២ និងគម្រោងទី៣ តាមការស្នើសុំរបស់អ្នកទទួលការ៕