ឯកឧត្ដម ជួបរតនា អញ្ជើញដឹកនាំប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡុច យ៉េង ដែលត្រូវជាម្ដាយរបស់ លោក ឡុក វុឌ្ឍី
- ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៣:១៨ ល្ងាច
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅគេហដ្ឋាននៃសព ភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ឯកឧត្ដម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ឡុច យ៉េង ដែលត្រូវជាម្ដាយរបស់ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ដែលបានទទួលមរណៈភាព កាលពីថ្ងៃសៅរ៍ ៨រោច ខែកក្ដឹក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានប្រតិភូបាននាំយកបច្ច័យ និងសាររំលែកទុក្ខរបស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងសាររំលែកទុក្ខរបស់សមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ជូនក្រុមគ្រួសារនៃសព ព្រមទាំងបានសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោក ឡុក វុឌ្ឍី និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ឡុច យ៉េង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕