ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP 11)
- ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១២:៥៣ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាកម្ពុជា ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធី បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP 11)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។
សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ “ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណង កៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដោយសហការជាមួយភាគីពាក់ព័ន្ធ។
សូមជម្រាបជូនផងដែរថា IPTP គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ សម្រាប់សមាជិកសភា ពិភាក្សាលើបញ្ហានៃសន្តិភាពពិភពលោក៕