
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០២គម្រោង ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ
- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ៖ នាថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០២គម្រោងដោយក្នុងនោះ គម្រោងទី១ មានប្រវែង ៥ ២០០ម. ទទឹង ៦ម. កម្រាស់ ០,២ម. និងសាងសងលូមូលមុខពីរចំនួន ២កន្លែង ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រឹង ទៅភូមិត្រពាំងប្ញស្សី ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (គម្រោងលេខ៖ DRR-NC-2024-No.52) និងគម្រោងទី២ មានប្រវែង ៣ ១០០ម. ទទឹង ៦ម. កម្រាស់ ០,២ម.សាងសង់លូប្រអប់ ចំនួន ០១កន្លែង និងលូមូលមុខពីរចំនួន ០៣កន្លែង លូមួលមុខមួយចំនួន ០២កន្លែង អណ្តូងលួចំនួន 0២កន្លែង និងផ្លាកឈ្នោះផ្លូវចំនួន 0២កន្លែង ស្ថិតនៅភួមិត្រពាំងប្ញស្សី ឃុំជយោ ទៅភូមិអូរវាយ ឃុំស្តឺ ស្រុកចំការលើ ខេត្តកំពង់ចាម (គម្រោងលេខ៖ DRR-NC-2024-No.51) ដែលមានការអញ្ជើញចូលរួមពីគណៈកម្មាធិការ គ.ត.វ មន្ត្រីបច្ចេកទេស អ្នកទទួលការ នៃនាយកដ្ឋានផ្លូវលំជនបទ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរ លោកអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវនេះ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងអំពីការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ក៏ដូចជាសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងសមិទ្ធផលនានា នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលសមិទ្ធផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ ដែលមានសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាស្ថាបនិក និងបច្ចុប្បន្នត្រូវបានបន្តដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
បន្ថែមលើនេះ ដើម្បីចូលរួមសម្រេចឲ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវអទិភាពគន្លឹះចំនួន៤ រួមមាន៖ ១) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, (២) ការលើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ, (៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង(៤) ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។ អទិភាពទាំង ៤ ខាងលើនេះគឺសំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទឱ្យរស់នៅប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាពនិងធានាចីរភាពផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច រវាងតំបន់ជនបទ ទីក្រុង និងទីប្រជុំជន ព្រមទាំងបាននិងកំពុងរួមចំណែកយ៉ាងសំខាន់បំផុត ដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅជនបទ។
ជុំវិញការស្ថាបនាផ្លូវខាងលើនេះដែរ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ក៏បានស្នើដល់អ្នកទទួលការស្ថាបនា ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ត្រូវខិតខំប្រឹងប្រែងអនុវត្តស្ថាបនាផ្លូវទាំងពីរខ្សែខាងលើនេះឱ្យសម្រេចបានតាមផែនការ និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ សម្រាប់បម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ។