ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
1

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋាន ដោយឡែក ឯកឧត្តម លោក លោកស្រី អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ។

កិច្ចប្រជុំផ្តោតសំខាន់លើការត្រួតពិនិត្យសមិទ្ធផលសម្រេចបានតាមកម្មវិធីអាទិភាពនីមួយៗ របស់ក្រសួង, ការពិនិត្យលើបញ្ហា ការប្រឈម ក្នុងខែកញ្ញា និងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ សម្រាប់អនុវត្តបន្ដឱ្យមានប្រសិទ្ធភាព។ យោងតាមរបាយការណ៍លទ្ធផលការងារដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឲ្យឃើញអំពីលទ្ធផលសម្រេចដូចខាងក្រោមៈ

– កម្មវិធីទី១: ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ សម្រេចបានការអនុវត្ត ៧២,២៥% ក្នុងរយៈពេល ៩ខែ
– កម្មវិធីទី២: ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានការអនុវត្ត ៧៨,២១% ក្នុងរយៈពេល ៩ខែ
– កម្មវិធីទី៣: ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានការអនុវត្ត ៧៦,៥៧% ក្នុងរយៈពេល ៩ខែ
– កម្មវិធីទី៤: ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានការអនុវត្ត ៧៦,៥០% ក្នុងរយៈពេល ៩ខែ។
សរុបរួមការអនុវត្តកម្មវិធីទាំងបួន បានសម្រេចស្របតាមផែនការគ្រោងទុក ។
សូមបញ្ជាក់ថា រាល់កម្មវិធីប្រជុំប្រចាំខែ ក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទាំងថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានី-ខេត្ត បានចូលរួមផ្អែកតាមអភិក្រម រួមដឹង រួមគិត និងរួមធ្វើ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស។
លទ្ធផលទាំងនេះជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថា្នក់ទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាពក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ចរបស់ក្រសួង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីជាយន្តការសម្រាប់អនុវត្តផែនការសកម្មភាពតាមកម្មវិធីទាំង៤ របស់ក្រសួង ឱ្យកាន់តែសម្រេចលទ្ធផលខ្ពស់ និងឈានទៅសម្រេចចក្ខុវិស័យរបស់ខ្លួនគឺ ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាការចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចឱ្យបាននូវគោលដៅកម្ពុជា ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ជាចុងបញ្ចប់នៃកិច្ចប្រជុំឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់នាយកដ្ឋាជំនាញ មន្ទីអភិវឌ្ឍន៍ជនខេត្ត និងអង្គភាពពាក់ព័ន្ធត្រូវរៀបចំជារបាយការណ៍ប្រចាំថ្ងៃស្តីពីផលប៉ះពាល់ដោយសាទឹកជំនន់ និងត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ឲ្យបានទាន់ពេលវេលា៕

1 2 20 3 20 4 19 5 18 6 21 7 21 8 18 9 18 10 20 11 16 12 13 13 11 14 15 15 14 16 12 17 11 18 10 19 8 20 7

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ