រដ្ឋមន្រ្ដី ៣រូបអញ្ជើញទៅពិនិត្យអាងទឹក ការដាំបន្លែបច្ចេកទេសផ្ទះសំណាញ់ និងផ្លូវជនបទនៅស្រុកត្រាំកក់ និងស្រុកជុំគីរី
- ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១១:៥៦ ព្រឹក
- សកម្មភាពក្រសួង , ព័ត៌មានទាន់ហេតុការណ៍
ខេត្តតាកែវ និងខេត្តកំពត ៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្ដីជំនាញនិងនៃក្រសួងទាំង ៣ បានអញ្ជើញទៅពិនិត្យទំនប់អាងទឹកអូររំដួល ភូមិត្រពាំងចក និងភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ និងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសដាំបន្លែផ្ទះសំណាញ់របស់សហគមន៍កសិកម្មស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីទាំង ៣រូប ក៏បានអញ្ជើញទៅពិនិត្យអាងទឹកអូររំដួល, ការដាំដំណាំបន្លែតាមបច្ចេកទេសផ្ទះសំណាញ់ទំនើប និងផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែ ប្រវែងផ្លូវ៖ ៣,៣៨៥គីឡូម៉ែត្រ ឆ្លងកាត់ភូមិត្រពាំងស្រង៉ែ និងភូមិអង្គត្នោត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ទទឹង៦ម៉ែត្រ ចិញ្ជើមសងខាង ១ម៉ែត្រ សាងសង់លូមូលចំនួន ១០កន្លែង ,ស្លាកសញ្ញាចរាចរណ៍ចំនួន ៣៤ស្លាក ,ដាំបង្គោលសុវត្ថិភាពចរាចរណ៍ចំនួន ២៨៧បង្គោល។ ការដ្ឋាននេះបានចាប់ផ្ដើមសាងសង់កាលពី ខែសីហា ឆ្នាំ២០២៣ លទ្ធផលសម្រេចបាន ៩៤ % គ្រោងនឹងបញ្ចប់ ក្នុងខែ មករា ឆ្នាំ២០២៥ ។
បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដីទាំង ៣រូប និងប្រតិភូអមដំណើរ បានអញ្ជើញទៅសំណេះសំណាលជាមួយគណៈកម្មការសហគមន៍កម្មសិកសានៅសហគមន៍ត្រពាំងចក ឃុំត្រាំកក់ និងប្រជាពលរដ្ឋនៅទំនប់ទឹកស្ទឹងភេ ស្ថិតនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត និងបានទទួលដោះស្រាយសំណូមពរពីប្រជាពលរដ្ឋ ក្នុងនោះមាន វិស័យអភិវឌ្ឍន៍ជនបទ វិស័យកសិកម្ម និងវិស័យធនធានទឹក ។