ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនឯកឧត្តម Igor DRIESMAN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែលរំលែក
2 10

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនឯកឧត្តម Igor DRIESMAN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការអបអរសាទរចំពោះឯកឧត្តម Igor DRIESMAN ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា និងបានជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូត និងសហការី អំពីចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រអាទិភាពទាក់ទងនឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺៈ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីទិដ្ឋភាពទូទៅនៅតំបន់ជនបទ និងការចូលរួមរបស់ក្រសួង ដើម្បីប្រែក្លាយជនបទឲ្យមានភាពរីកចម្រើន មានកំណើនប្រាក់ចំណូលក្នុងគ្រួសារ និងបង្ខិតភូមិជនបទមកជិតទីក្រុង និងទីប្រជុំជន តាមរយៈការកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨)គឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤រួមមានៈ (ទី១) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, (ទី២) ការលើកកម្ពស់សុខភាព​ អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង(ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកអំពីទិសដៅយុទ្ធសាស្រ្តមួយទៀតដែលក្រសួងកំពុងយកចិត្តទុកដាក់ និងអនុវត្តនោះគឺការរៀបចំភូមិគម្រូ ដោយកម្មវិធីនេះក៏ស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំដែងការថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា និងជាដៃគូសហការណ៍យ៉ាងស្អិតរមួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន័ជនបទ ការគាំទ្រលើសេវាទឹកស្អាត និងអនាម័យ និងផ្តល់ជាបច្ចេកទេសផងដែរ។

 

ឯកឧត្តម Igor DRIESMAN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដែលប្រែក្លាយតំបន់ជនបទឲ្យមានភាពរីកចម្រើនតាមរយៈការកាត់បន្ថយភាពក្រីក្រ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ឯកឧត្តមបានលើកភាពជាដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន និងសន្យាពង្រឹងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែរឹងមាំថែមទៀត។ ជាចុងក្រោយ ឯកឧត្តមបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលអនុញ្ញាតជូនឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ៕

1 12 scaled 2 10 scaled 3 10 scaled 4 9 scaled 5 8 scaled 6 12 scaled 7 11 scaled 8 9 scaled 9 9 scaled 10 11 scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ