ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អនុញ្ញាតឱ្យអង្គការភ្លែនអន្តរជាតិ (Plan International) ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ
- ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យអង្គការភ្លែនអន្តរជាតិ (Plan International) ដឹកនាំដោយលោក យី គឹមថាន នាយកប្រតិបត្តិអង្គការភ្លែនអន្តរជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ។ ជំនួបនេះមានការអញ្ជើញចូលរួមពី លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងមន្ត្រីជំនាញនៃនាយកដ្ឋានថែទាំសុខភាពជនបទ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជម្រាបជូនដោយសង្ខេបអំពីសមិទ្ធផល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានស្នើសុំឱ្យអង្គការទស្សនៈពិភពលោក បន្តជួយគាំទ្រក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ បន្ថែមទៀត ដើម្បីឈានទៅសម្រេចបានអត្រាគ្របដណ្តប់ ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រេចបាន ១០០% នៅឆ្នាំ២០៣០។
ជាការឆ្លើយតប លោក យី គឹមថាន នាយកប្រតិបត្តិអង្គការភ្លែនអន្តរជាតិ បានអបអរសាទរចំពោះលទ្ធផលសម្រេចបានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានប្តេជ្ញាបន្តការគាំទ្រ និងចូលរួមបន្តទៀតលើវិស័យអនាម័យជនបទ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ៕