ឯកឧត្ដម យឹម ជុង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង ជំហានទី ២ និងបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំហានទី ៣

ចែលរំលែក
photo 2024 06 25 12 33 57

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង ជំហានទី ២ និងបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំហានទី ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

 

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន អង្គការជាតិ អន្តរជាតិ សិស្ស និស្សិត និងប្រជាពលរដ្ឋដែលអញ្ជើញពីខណ្ឌជ្រោយចង្វា នៃរាជធានីភ្នំពេញ។

 

ដោយអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងដើម្បីធានាបាននូវទឹកស្អាត និងអនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ១០០%ចាប់ពីឆ្នាំ២០៣០ តទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអនុម័តឱ្យអនុវត្តគម្រោងវិនិយោគសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ២ និងជំហានទី៣ ។

 

សូមបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី ២ មានសមត្ថភាពផលិតទឹកបាន ១៩៥ ០០០ ម៉ែតគូប / ថ្ងៃ ដោយបានបញ្ចប់ការសាងសង់ និងបានដាឱ្យដំណើការជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

 

ជាមួយគ្នានេះដែរ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហានទី ៣ មានសមត្ថភាពផលិតទឹកបាន ១៩៥ ០០០ ម៉ែតគូប / ថ្ងៃ ដោយបានចាប់ផ្តើការសាងសង់ និងគ្រោងបញ្ចប់ការសាងសង់ នៅត្រីមាសទី៣ ឆ្នាំ២០២៧ ដោយបាននឹងកំពុងដំឡើងបំពង់ចែកចាយទឹកប្រវែង ៧៥០គីឡូម៉ែត និងបំពង់មេនាំទឹកស្អាតប្រវែងប្រមាណ ៥១គីឡូម៉ែត្រ។

 

ការដាក់ឱ្យដំណើការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ២ នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាតដែលធានាបាននូវសម្ពាធទឹកកាន់តែប្រសើរជាងមុន។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី ២ និងជំហានទី៣ អាចផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ បាន៥៨៧ ០០០គ្រួសារ ៕

photo 2024 06 25 12 33 57 2 photo 2024 06 25 12 33 57 3 photo 2024 06 25 12 33 57

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ