ក្រុមការងារជនបង្គោលកម្មវិធីទឹកស្អាត និងអនាម័យ ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលា ស្តីពី កម្មវិធីទឹកស្អាត និងអនាម័យជនបទដែលធន់នឹងអាកាសធាតុ
- ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក ឃួច លីននី អគ្គនាយករងបច្ចេកទេស បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពី កម្មវិធីទឹកស្អាត និងអនាម័យជនបទដែលធន់នឹងអាកាសធាតុ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងលោកស្រី ហាក់ ដាណែត ទីប្រឹក្សាបច្ចេកទេសអង្គការយូនីសេហ្វ។
សិក្ខាសាលានេះរៀបចំឡើងនៅសណ្ឋាគារច័ន្ទមុណី្ណ មុណ្ណីច័ន្ទ ខេត្តពោធិ៍សាត់ មានរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៦-០៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការ UNICEF ជូនដល់មន្ដ្រីបច្ចេកទេសទឹកស្អាត និងអនាម័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យសរុបចំនួន ២៩ នាក់ ស្រី ៦នាក់។
លោក ឃួច លីននី បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានាឱកាសនេះ គឺស្របពេលដែលស្ថានភាពនៅទូទាំងប្រទេសកម្ពុជា ក៍ដូចជាពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដោយផ្ដោតលើគោលបំណងសំខាន់ដូចខាងក្រោម៖
– ដើម្បីលើកកម្ពស់ចំណេះដឹងអំពីទឹកស្អាត និងអនាម័យដែលមានភាពធន់ ដោយផ្អែកលើក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់ UNICEF និង អង្គការភាពជាដៃគូទឹកសកល (GWP) សម្រាប់ការអភិវឌ្ឍកម្មវិធីទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុ។
– ដើម្បីបង្កើនសមត្ថភាពនៃវិស័យទឹកស្អាត និងអនាម័យ សម្រាប់រៀបចំ ផែនការអនុវត្ត និងតាមដានកម្មវិធីទឹកស្អាត និង អនាម័យដែលធន់នឹងអាកាសធាតុ។
– ដើម្បីដាក់បញ្ចូលផែនការសកម្មភាពសម្រាប់សេវា អនាម័យទីក្រុងដែលធន់នឹងអាកាសធាតុទៅក្នុងរបាយការណ៍ស្តីពី ហេតុផលអាកាសធាតុសម្រាប់វិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា។
ក្នុងឱកាសនោះ លោកអគ្គនាយករង បានផ្ដាំផ្ញើដល់សិក្ខាកាមដែលអញ្ជើញមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង៣ ត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុសផុលក្នុងគ្រប់កិច្ចពិភាក្សាដើម្បីផ្ដល់ធាតុចូលឱ្យបានច្រើន សម្រាប់ជាការរៀបចំផែនការទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជា ឱ្យឆ្លើយតបទៅនឹងនិន្នាការនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់ ក៍ដូចជាក្នុងសកលលោកទាំងមូល៕