មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ និងសូត្រមន្ត ព្រមទាំងពិសារអាហារសាមគ្គី
- ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គការ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ និងសូត្រមន្ត ព្រមទាំងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ។
ជាកិច្ចចាប់ផ្តើម លោកប្រធានមន្ទីរ មានប្រសាសន៍ផ្តាំផ្ញើនឹងសាកសួរសុខទុក្ខ ព្រាមទាំងពរសព្ទសាធុការជាមួយគ្នានោះដែរ លោកប្រធាន ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោក លោកស្រី មន្រ្តីចូលនិវត្តន៍ មានចំនួន ៣៤រូប ។
ឆ្លៀតក្នុងឱកាសនេះ លោកប្រធានមន្ទីរក៏បានជម្រាបជូនអង្គពិធី អំពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមគោលការណ៍ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រពីនីតិកាលបន្តបន្ទាប់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងព្រមទាំងសមិទ្ធផលនានារបស់មន្ទីរសម្រាប់ការអនុវត្តកន្លងមក។
ក្នុងឱកាសក៏មានការចូលរួមលេងល្បេងប្រជាប្រិយខ្មែរ ដើម្បីរិតចំណងមិត្តភាពរបន្ថែមទៀតចំពោះមន្ត្រីរាជការរបស់មន្ទីរផងដែរ។
ជាចុងក្រោយ លោកប្រធានមន្ទីរបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកាដល់អតីតមន្ត្រីរាជការទាំង៣៤រូប របស់មន្ទីរផងដែរ៕