ឯកឧត្ដម ជី ស៊ីថា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលការរៀបចំ និងការអនុវត្តសូចនាករសមិទ្ធកម្ម
- ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការអនុវត្ត អនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ: និងមន្ត្រីជំនាញ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលការរៀបចំ និងការអនុវត្តសូចនាករសមិទ្ធកម្ម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុប ២៣នាក់។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងពីរបាយការណ៍វឌ្ឍនភាពដែលមន្ទីរអនុវត្តឆ្នាំ២០២៣ និងផែនការសមិទ្ធកម្មឆ្នាំ២០២៤ និងពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសូចនាករសមិទ្ធកម្ម។
បន្ទាប់ពីស្ដាប់របាយការណ៍វឌ្ឍនភាពរបស់មន្ទីររួចមក ឯកឧត្ដមរដ្ឋលេខាធិការ បានពាំនាំការសួរសុខទុក្ខ និងក្តីនឹករលឹកពី ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះមន្ត្រីក្រោមឱវាទក្រសួងផងដែរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានផ្ដល់ជាអនុសាសន៍ណែនាំដូចខាងក្រោម៖
– បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងមានវប្បធម៌ចែករំលែកជាមួយមន្រ្តីក្រោមឱវាទ និងអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន
– រៀបចំការប្រជុំឱ្យបានទៀងទាត់ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស រយៈពេល០៩ខែដើមឆ្នាំ និងប្រចាំឆ្នាំ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ និងជំរុញការអនុវត្តការងារ
– ត្រូវផ្សព្វផ្សាយ និងបញ្ជ្រាបផែនការយុទ្ធសាស្ត្ររបស់ក្រសួងដល់មន្ត្រីជំនាញឱ្យបានទូលំទូលាយ និងការរៀបចំផែនការត្រូវផ្អែកលើផែនការយុទ្ធសាស្ត្រជាមូលដ្ឋាន
– ពង្រឹងមន្ត្រីបច្ចេកទេសក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសូចនាករសមិទ្ធកម្ម
– រៀបចំរបាយការណ៍លទ្ធផលនៃការអនុវត្តសកម្មភាពផ្ញើជូនក្រសួងឱ្យបានទាន់ពេលវេលាតាមការកំណត់
– ត្រូវលើកទឹកចិត្តចំពោះមន្ត្រីសកម្មការងារ និងយកចិត្តទុកដាក់ចំពោះមន្រ្តីដែលមានពិការភាព មានជំងឺ និងមន្ត្រីជាស្ត្រីមានផ្ទៃពោះ
– បន្តពង្រឹង និងបង្កើតស្នាដៃថ្មីៗថែមទៀត លើអ្វីដែលមានស្រាប់ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលនយោបាយ និងកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង។
គួរបញ្ជាក់ផងដែរថា៖ ក្នុងកិច្ចប្រជុំនេះក៏បានបើកឱ្យមានការពិភាក្សាគ្នាយ៉ាងផុលផុសដើម្បីស្វែងរកធាតុចូលបន្ថែម បញ្ហាផ្សេងៗរបស់មន្ទីរសម្រាប់ដោះស្រាយ ដើម្បីត្រៀមរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០២៥-២០២៧ និងទទួលយកសំណូមពរផ្សេងៗ។
កិច្ចប្រជុំបានបញ្ចប់ ប្រកបដោយលទ្ធផលផ្លែផ្កា និងមានបរិយាកាសសប្បាយរីករាយ៕