ឯកឧត្តម អ៊ិន ចន្ថា និងមន្ត្រីពាក់ព័ន្ឋ បានដឹកនាំក្រុមការងារសម្របសម្រួលទូទៅ ដើម្បីចុះសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ បញ្ជីសំណួរនៅតាមភូមិឬស្សីថ្មី
- ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តតាកែវ ៖ នាថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការ នឹង ឯកឧត្តម អឿន ធារិទ្ធិ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារសម្របសម្រួលទូទៅ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានីខេត្ត ព្រមទាំងអាជ្ញាធរដែនដី រួមមាន ជំទប់មេភូមិ នឹងគណៈកម្មាធិការ គ.អ.ភ ដោយបែងចែកជា ៤ក្រុម ដោយមានរយៈពេល ពីរថ្ងៃ ពីថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចុះសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ បញ្ជីសំណួរនៅតាមភូមិឬស្សីថ្មី ។
ក្រុមការងារបានចុះជាសម្ភាសជាមួយប្រជាជន និងបានបែងចែកជា ៣ ប្រភេទ៖
-ប្រភេទទី១ : ប្រជាជនដែលមានជីវភាពកម្រិតមធ្យម
-ប្រភេទទី២ : ប្រជាជនដែលមានប័ណ្ណ បសស កម្រិតក្រ១
-ប្រភេទទី៣ : ប្រជាជនដែលមានប័ណ្ណ បសស កម្រិតក្រ២
ការចុះសម្ភាសន៍ជាមួយប្រជាជននៅតាមខ្នងផ្ទះ បានបញ្ចប់នៅពេលល្ងាចថ្ងៃទីពីរ ជាលទ្ធផលគ្រប់សូចនាករទាំង ២៥ អាចប្រើប្រាស់ដើម្បីកំណត់លក្ខណៈវិនិច្ឆ័យភូមិគំរូបានដោយគ្រាន់តែមានការកែសម្រួលវិធីសាស្រ្តខ្លះនៃការវាយតម្លៃសូចនាករពាក់ព័ន្ធសេដ្ឋកិច្ចគ្រួសារ ដើម្បីស្វែងរកប្រាក់ចំណូលជាមធ្យម ដែលចុះសម្ភាសបានចំនួន ៦០គ្រួសារ/២៧៩គ្រួសារ ស្ថិតក្នុងភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រែកប្បាស ខេត្តតាកែវ ។
ក្រោយពីបានចុះសិក្សាវាយតម្លៃសាកល្បងលក្ខណៈសម្បត្តិភូមិគំរូ អស់រយៈពេល២ថ្ងៃរួចមក ឯកឧត្តម អ៉ិន ចន្ថា បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារ និងថ្លែងអំណរអរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួល និងសហការ៕