ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដឆ្នាំ២០២៤
- ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង៖នាថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ។
បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត
កិច្ចប្រជុំនេះរៀបចំនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដោយមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, មន្ទីរជំនាញជុំវិញខេត្ត, សាខាកាកបាតក្រហមកម្ពុជាសាខាខេត្តស្វាយរៀង, អភិបាល អភិបាលរង ក្រុង/ស្រុកទាំង៨, លេខាធិការដ្ឋាននៃក្រុមការងារថ្នាក់ខេត្ត ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍ ចំនួន ១៥ ក្នុងខេត្ត សរុបចំនួន ៤៩នាក់ ។
គោលបំណងនៃកិច្ចប្រជុំ មានដូចខាងក្រោម៖
– បង្ហាញវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទី៤ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទខេត្ត ។
– ពិនិត្យការអនុវត្តផែនការរក្សានិរន្តរភាព ODF ខេត្ត និងឈានទៅសម្រេច ODF Plus និងពិភាក្សាកែសម្រួលក្រុមការងារ PWG-RWSSH។
– ជំរុញដល់ក្រុមការងារផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ថ្នាក់ក្រុង/ស្រុកទាំង៨ សង្កាត់ទាំង៨០ បែងចែកកញ្ចប់ថវិការបស់ក្រុង/ស្រុក និងឃុំ/សង្កាត់ ដើម្បីអនុវត្តសកម្មភាព ការងារផ្គត់ផ្គង់ទឹកជនបទ អនាម័យទូទៅ៕