ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំគណៈប្រតិភូអន្ដរក្រសួងអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល “ផ្សារឃុំបាសាក់” ដែលមានទំហំ បណ្ដាយ ៤០ម៉ែត្រ និងទទឹង ២០ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង

ចែលរំលែក

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល “ផ្សារឃុំបាសាក់” ដែលមានទំហំ បណ្ដាយ ៤០ម៉ែត្រ និងទទឹង ២០ម៉ែត្រ ដែលអនុវត្តដោយក្រុមហ៊ុន ណៃ ស្រេង អុីមផត អុិចផត ស្ថិតនៅភូមិឈូក ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណោះសំណាល និងផ្ដាំផ្ញើជូនអាជ្ញាធរដែនដី រួមមានលោកស្រី អភិបាលស្រុក លោកមេឃុំ មេភូមិ ប្រជាពលរដ្ឋដែលជាអាជីវករ និងគណៈកម្មការគ្រប់គ្រងផ្សារ ឱ្យចូលរួមថែរក្សានូវសមិទ្ធផលនេះដែលជាសមិទ្ធផលមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

 

បន្ទាប់ពី បានពិនិត្យលើលក្ខណៈបច្ចេកទេស និងសោភ័ណភាពល្អត្រឹមត្រូវតាមប្លង់ គណៈកម្មការអន្តរក្រសួងសម្រេចទទួលយកដោយសេចក្ដីរីករាយ ហើយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការប្រគល់ជូនឱ្យគណៈកម្មការគ្រប់គ្រងផ្សារ ”ផ្សារឃុំបាសាក់” ប្រើប្រាស់ និងគ្រប់គ្រងថែរក្សាបន្តចាប់ពីថ្ងៃនោះតទៅ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ