ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្តខែបន្ទាប់
- ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១១:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្តខែបន្ទាប់ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ សរុបចំនួន ២៥នាក់ ស្រី ០៦នាក់។
កិច្ចប្រជុំមានគោលបំណង៖
១. ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរដែលសម្រេចបាននាពេលកន្លងមក
២. ត្រៀមលក្ខណៈដោះស្រាយបន្ទាន់ លើការងារគ្រោះមហន្តរាយ ជាពិសេសផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងបច្ចុប្បន្ន
៣. កំណត់ទិសដៅបន្ត និងបញ្ហាប្រឈមនានា
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់មន្ទីរ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មីនេះ និងផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖
១. ត្រូវខិតខំអភិវឌ្ឍសមត្ថភាព និងខិតខំបំពេញការងារឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់
២. បន្តចូលរួមបង្កើននូវសាមគ្គីភាពផ្ទៃក្នុង
៣. បង្កើនការទទួលខុសត្រូវក្នុងការអនុវត្តការងារតាមការិយាល័យជំនាញនីមួយៗ៕